(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអំពាវនាវឲ្យមានការបន្ដរួមគ្នា ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីសុខសុវត្ថិភព និងភាពសុខសាន្ដជូនប្រជាពលរដ្ឋ។
ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ស្តីពី «លើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន» នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅខេត្តព្រះវិហារ។
ជាមួយការថ្លែងអំណរគុណ កោតសសេីរ ក្នុងនាមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាឱកាសនោះនាយឧត្ដមសេនីយ៍ មាស វិរិទ្ធ បានថ្លែងថា បញ្ហាគ្រឿងញៀនមិនមានសញ្ញាថមថយទេ មានការរីករាលដល់ទីជនបទដែលតម្រូវឲ្យគ្រប់គ្នាបន្តរួមគ្នា ប្រយុទ្ធប្រឆាំងគ្រឿងញៀនដេីម្បីសុខសុវត្ថិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។
ក្នុងនោះតាមរយៈ បង្កេីនការងារបង្ការទប់ស្កាត់ បង្រ្កាប បទល្មេីសគ្រឿងញៀន ពង្រឹងសមត្ថភាពទំនាក់ទំនងព្រំដែន BLO សហការផ្តល់ព័ត៌មានជាមួយប្រទេសជិតខាង ដេីម្បីទប់ស្កាត់បង្ការបង្រ្កាបបទល្មេីសគ្រឿងញៀនឆ្លងដែន ផ្សព្វផ្សាយអប់រំ បំផុសឲ្យមានការចូលរួមកាន់តែច្រេីនបន្ថែមទៀត ពីស្រ្តីក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ថ្លែងក្នុងនាមលោកស្រី កិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី, លោកស្រី ឡុង សុផល្លី រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានអះអាងថា គ្រឿងញៀន ជាបញ្ហារួមរបស់យេីងទាំងអស់គ្នា ហេីយឥទ្ធិពលនៃគ្រឿងញៀននាំមកនូវអំពេីហិង្សាគ្រួសារ ជួញដូរមនុស្ស និងភាពក្រីក្រ ហេីយការពង្រឹងសមត្ថភាពស្រ្តី តាមគោលដៅឲ្យមានចំណេះដឹងពីផលប៉ះពាល់ នៃការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ច្បាប់ស្តីពីគ្រឿងញៀន ដេីម្បីឲ្យស្រ្តីអាចចូលរួមជួយទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន គឺជាការងារចាំបាច់ និងមានប្រសិទ្ធភាព ព្រោះថាស្រ្តី គឺជាអ្នកមានឥទ្ធិពលក្នុងគ្រួសាររាល់ពាក្យសំដីទូន្មានទៅកាន់ក្រុមគ្រួសារ តែងទទួលបានការឆ្លេីយតបដោយប្រសិទ្ធភាព។
លោកជំទាវ ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ ក្នុងនាមលោកអភិបាលខេត្ត បានថ្លែងថា ស្រ្តីក្នុងភាពជាអ្នកម្តាយពិតជាតួអង្គសំខាន់ណាស់ ក្នុងការចូលរួមចំណែកអាចកាត់បន្ថយ និងជួយទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅក្នុងសហគមន៍ និងគ្រួសារ៕