(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ខេត្តកំពង់ធំ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជេីញបេីកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ៥៦១ម៉ែត្រ នៅឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។
នាឱកាសនោះដែរ លោក ចាន់ ប៊ុនសារ មេឃុំស្វាយភ្លើង បានអានរបាយការណ៍សង្ខេបពីគម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង ៥៦១ម៉ែត្រ កម្រាស់ ០.៥ម៉ែត្រ ទទឹង៥ម៉ែត្រ ចំណាយថវិកា ២៩៩,៥៧៤,០០០រៀល រៀល ប្រើប្រាស់មូលនិធិឃុំឆ្នាំ២០២៣។
លោក ហាក់ ម៉ុងហួត បានថ្លែងអំណរគុណទៅដល់ប្រជាពលរដ្ឋស្ថិតនៅក្នុង ឃុំស្វាយភ្លើងទាំងអស់ដែលបានសហការយ៉ាងល្អនៅក្នុងដំណើរការនៃការសាងសង។
លោកក៏បានបញ្ជាក់ថា សម្រាប់ផ្លូវលំមួយខ្សែនេះមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ឡើយ គឺបានមកពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ហើយប្រទេសកម្ពុជាសព្វថ្ងៃនេះកំពុងតែអភិវឌ្ឍន៌ទៅលើគ្រប់វិស័យមិនថាទីក្រុង ឬទីជនបទឡើយហើយការអភិវឌ្ឍទាំងនេះក៏ដោយសារប្រទេសមានសុខសន្តិភាព ដូច្នេះ សូមបងប្អូនចូលរួមថែរក្សាសន្តិភាពឱ្យបានគង់វង្ស បើគ្មានសន្តិភាពក៏គ្មានការអភិវឌ្ឍ។
លោកបន្តថាសមិទ្ធផលនេះ មានគុណប្រយោជន៍ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរចេញចូល ឆ្លងកាត់ ដឹកទំនិញផលិតផលទៅកាន់ទីផ្សារបានយ៉ាងងាយស្រួល ធ្វើឱ្យប្រជាពលរដ្ឋកាត់បន្ថយការចំណាយច្រើនផងដែរ។
លោកក៏បានផ្តាំផ្ញើរ និងសំណូមពរឱ្យការសាងសង់ត្រូវអនុវត្តឱ្យបានស្របតាមបទដ្ឋានបច្ចេកទេស ធានាគុណភាព និងមានសោភ័ណភាព ព្រមទាំងគោរពឱ្យបាននូវពេលវេលាកំណត់ អាជ្ញាធរដែនដី ត្រូវផ្តល់កិច្ចសហការជាមួយក្រុមការងារសាងសង់ ក្នុងការបង្កលក្ខណៈងាយស្រួល ដើម្បីឱ្យក្រុមការងារមានលទ្ធភាពខ្ពស់ក្នុងការសាងសង់បានលឿននិងទាន់ពេល និងសំណូមពរដល់ប្រជាពលរដ្ឋព្រមទាំងអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក មានសុជីវធម៌ក្នុងការបើក៕