(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងប្រាប់ Fresh News ពីទីក្រុង Rio ប្រទេសប្រេស៊ីលមុននេះបន្ដិចថា គិតត្រឹមថ្ងៃទី០៤ ខែសីហានេះ អត្តពលិកជាង ១០០នាក់របស់រុស្ស៊ី នៅពុំដឹងពីជោគវាសនារបស់ខ្លួនថា បានចូលរួមប្រកួតកីឡាអូឡាំពិក Olympic Games លើកទី៣១ ដែលគ្រោងនឹងរៀបចំកម្មវិធីបើកការប្រកួតផ្លូវការ នៅថ្ងៃទី០៥ ខែសីហាស្អែកនៅឡើយទេ។
នាយកបេសកកម្មតំណាងអត្តពលិកកម្ពុជា ដែលត្រៀមចូលរួមព្រឹត្តិការណ៍ពិភពលោកខាងលើ បានឲ្យដឹងថា «មកដល់ពេលនេះរឿងចម្រូងចម្រាសស្ដីពីការប្រើសារធាតុប៉ូវកម្លាំង ឬសារធាតុហាមឃាត់របស់ប្រតិភូ និងអត្តពលិករុស្ស៊ីជាង ១០០នាក់ គឺនៅតែមិនទាន់ទទួលបានការសម្រេចច្បាស់លាស់ពីគណៈកម្មការរៀបចំការប្រកួត និងគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC)នោះទេ ។ ប៉ុន្ដែនៅល្ងាចនេះ(ថ្ងៃទី០៤ ខែសីហា) IOC នឹងរៀបចំសន្និសីទសារព័ត៌មានមួយ ស្ដីពីការសម្រេចចិត្តជុំវិញជោគវាសនារបស់អត្តពលិករុស្ស៊ីថា អាចចូលរួមប្រកួតបាន ឬក៏អត់»។
គួរបញ្ជាក់ថា នាវេលានេះនៅប្រេស៊ីល គឺទើបជិតម៉ោង ១២រសៀល ប៉ុន្ដែលោក វ៉ាត់ ចំរើន បានបញ្ជាក់ថា សន្និសីទសារព័ត៌មានស្ដីពីសេចក្ដីសម្រេចចុងក្រោយ អំពីជោគវាសនាអត្តពលិករុស្ស៊ីនោះ នឹងធ្វើឡើងនៅល្ងាចថ្ងៃទី០៤ ខែសីហានេះ ពោលគឺមុនមួយថ្ងៃនៃពិធីបើកការប្រកួតកីឡាអូឡាំពិក Olympic Games ជាផ្លុវការ នៅថ្ងៃទី០៥ ខែសីហាស្អែកនេះ។
ដោយឡែកចំពោះលទ្ធផលយ៉ាងណានោះលោក វ៉ាត់ ចំរើន បានបន្ថែមថា លោកនឹងជម្រាបជូននាពេលក្រោយ បន្ទាប់ពីសន្និសីទបានបញ្ចប់៕