(ភ្នំពេញ)៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃសូមស្វាគមន៍ចំពោះព័ត៌មានស្តីអំពីអនុក្រឹត្យលេខ ១៧៣ អនក្រ.បក ស្ដីពីការបង្កើតឧទ្យានជាតិជួរភ្នំក្រវាញ ដែលជាការច្របាច់បញ្ចូលគ្នា នៃឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។

ការសារទរ និងច្រានចោលបែបនេះរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃឆ្លើយតបនឹងសារព័ត៌មាន Cambojanews ដែលបានចុះផ្សាយថា «ព្រំប្រទល់នៅពុំមានភាពច្បាស់លាស់រវាងដីស្រែចម្ការរបស់ប្រជាពលរដ្ឋ និងព្រំប្រទល់គម្រោងរេដបូក»

បណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត បានថ្លែងថា ការច្របាច់បញ្ចូលគ្នានេះគឺជាក្តីសុបិនរបស់អ្នកអភិរក្សទាំងអស់ដែលធ្វើការនៅតំបន់ជួរភ្នំក្រវាញ ដែលចង់ឃើញតំបន់ទេសភាពមួយមានលក្ខណៈរួបរួមគ្នាតែមួយ ដើម្បីរក្សាទុកសម្រាប់អភិរក្សតំបន់ទីជម្រាលប្រភពទឹកដ៏មានសារៈសំខាន់ស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា។

ឆ្លើយតបទៅនឹងបទចោទដែលថាព្រំប្រទល់នៅពុំមានភាពច្បាស់លាស់រវាងដីស្រែចម្ការរបស់ប្រជាពលរដ្ឋ និងព្រំប្រទល់គម្រោងរេដបូក អង្គការសម្ព័ន្ធមិត្តសត្វព្រៃសូមធ្វើការបំភ្លឺថា នេះមិនមែនជាការពិតនោះទេ។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បាននិងកំពុងធ្វើការយ៉ាងជិតស្និតជាមួយសហគមន៍ជនជាតិដើមភាគតិចជង ដែលរស់នៅក្នុងតំបន់ជ្រលងភ្នំ ឆាយអារ៉ែង ដោយបានជួយកំណត់ព្រំប្រទល់ដីស្រែចម្ការ និងដីសម្រាប់សហគមន៍មូលដ្ឋានប្រើប្រាស់ចាប់តាំងពីឆ្នាំ២០១៥មកម្ល៉េះ។

បន្ទាប់ពីគម្រោងទំនប់វារីអគ្គិសនីត្រូវបានផ្អាក អង្គការសម្ព័ន្ធមិត្តសត្វព្រៃគឺជាស្ថាប័នទីមួយដែលបានឈានជើងចូលទៅជួយសហគមន៍ជនជាតិដើមភាគតិចជង។ ការវាយតម្លៃ ជីវភាពប្រជាពលរដ្ឋលើកដំបូងត្រូវបានធ្វើក្នុងឆ្នាំ២០១៥ បន្ដដោយការធ្វើផែនការប្រើប្រាស់ដីធ្លីដោយមានការចូលរួម ដែលត្រូវបានអនុវត្តនៅក្នុងភូមិទាំង៦ នៃតំបន់ជ្រលងភ្នំ ឆាយអារ៉ែងនេះ ដោយសារតែភូមិទាំង៦នេះ មិនត្រូវបានវាស់វែងដោយបទបញ្ជា ០១បប នោះទេ។ ជាលទ្ធផល ផ្ទៃដីស្រែចម្ការទំហំ ១,៧៩៩ហិកតា ត្រូវបានកំណត់អត្ដសញ្ញាណ និងកំណត់ជាផែនទីដីប្រើប្រាស់របស់ប្រជាពលរដ្ឋចំនួន ៣៤២គ្រួសារ នៅក្នុងឃុំប្រឡាយ និងឃុំជំនាប់។

តាមការកំណត់អត្ត សញ្ញាណដីប្រើប្រាស់ខាងលើ ប្រជាពលរដ្ឋមាន ដីលំនៅដ្ឋាន និងដីស្រែចម្ការ ជាមធ្យមទំហំ ៥.៦ហិកតាក្នុងមួយគ្រួសារ។

លើសពីនេះទៅទៀត ការប្រមូលអនុផលព្រៃឈើក៏ត្រូវបានអនុញ្ញាតនៅក្នុងតំបន់គម្រោងរេដបូកផងដែរ។ ការប្រមូលអនុផលព្រៃឈើនេះត្រូវបានអនុញ្ញាតដោយច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ឆ្នាំ២០០៨។ តែទោះជាយ៉ាងណាក៏ដោយ ការកាប់ឈើ និងការកាប់រានដីព្រៃស្ថិតនៅក្រៅតំបន់សហគមន៍ តម្រូវឱ្យមានការអនុញ្ញាតពីក្រសួងបរិស្ថានជាមុនសិន៕