(បាត់ដំបង)៖ បន្ទាប់ពីបញ្ចប់ការងារការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលទី៧ ឆ្នាំ២០២៣ ដោយប្រព្រឹត្តទៅទទួលបានជោគជ័យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានរៀបចំសន្និបាតបូកសរុបការងារការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីតំណាងស្ថាប័ន ក្រសួង អាជ្ញាធរខេត្ត គណបក្សនយោបាយ អង្គារមិនមែនរដ្ឋាភិបាល និងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់។
នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានរៀបចំ សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក នុត សុខុម អនុប្រធាន គ.ជ.ប នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង។
នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ អនុប្រធាន គ.ជ.ប បានថ្លែងអំណរគុណ និងកោតសរសើរចំពោះគណៈកម្មការកណ្ដាល និងអនុគណៈកម្មការនានា នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ដែលបានខិតខំរៀបចំសន្និបាតនេះឡើងដោយការយកចិត្តទុកដាក់ខ្ពស់។ ឯកឧត្តមបានបន្ថែមថា សន្និបាតនាពេលនេះ មានគោលបំណងសំខាន់ គឺធ្វើការបូកសរុប និងវាយតម្លៃលើលទ្ធផល ការងាររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
នាឱកាសនោះលោក នុត សុខុម បានបង្ហាញនូវសមិទ្ធផលនៃការរៀបចំការបោះឆ្នោតនាពេលកន្លងមក ដែលមានជាអាទិ៍៖
១៖ បានរៀបចំបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងលិខិតបទដ្ឋានគតិយុត្តមួយចំនួនទៀត ដើម្បីបម្រើឱ្យ ការបោះឆ្នោត ស្របតាមច្បាប់ និងបទបញ្ជាជាធរមាន។
២៖ ការចុះឈ្មោះប្រជាពលរដ្ឋខ្មែរជាង ៩លាន ៧សែននាក់។
៣៖ ការចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ចំនួន១៨ គណបក្ស។
៤៖ ការទទួលស្គាល់ភ្នាក់ងារគណបក្សនយោបាយជាង ៥៧.០០០ នាក់។
៥៖ គ.ជ.ប អនុញ្ញាតជូនអ្នកសង្កេតការណ៍បោះឆ្នោតជាតិ អន្តរជាតិ ប្រតិភូអន្តរជាតិ និងភ្ញៀវពិសេសសរុប ជាង ៩០.០០០នាក់ ។
៦៖ ការដោះស្រាយពាក្យបណ្ដឹងសរុបចំនួន៣៨ បណ្ដឹង។
៧៖ បានដាក់ឱ្យប្រើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននូវកម្មវិធី ចំនួន ៤ មានដូចជា៖
១៖ កម្មវិធីរៀបចំបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ
២៖ កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត
៣៖ កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត និង
៤៖ កម្មវិធីគ្រប់គ្រងសំណុំរឿង និងរបាយការណ៍ពាក់ព័ន្ធនឹងពាក្យបណ្ដឹង។
៨៖ ការផ្សព្វផ្សាយលទ្ធផលបោះឆ្នោតបឋម និងប្រកាសផ្សាយលទ្ធផលបោះឆ្នោតផ្លូវការតាមទូរទស្សន៍ជាតិកម្ពុជា និងតាមប្រព័ន្ធអ៊ីនធឺណិតដែលជាប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ គ.ជ.ប។
លោក នុត សុខុម បានបន្ថែមទៀតថា សមិទ្ធផលការងារទាំងឡាយ អាចសម្រេចទៅបានអាស្រ័យលើកការគោរព និងអនុវត្តបានត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងបទបញ្ជាពាក់ព័ន្ធនឹងការបោះឆ្នោត ប្រតិទិន និងផែនការមេ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធមួយចំនួនទៀត ហើយក៏មានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងក៏មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធផងដែរ ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ កន្លងទៅនេះទទួលបានជោគជ័យ។
ក្នុងដំណើរការពិភាក្សាក្នុងអង្គសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានបែងចែកជា ៥ក្រុម ដើម្បីពិភាក្សាស្វែងរកចំណុចខ្លាំង និងបញ្ហាប្រឈមលើប្រធានបទធំៗចំនួន៥ រួមមាន៖
ទី១៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។
ទី២៖ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះ និងនីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹង។
ទី៣៖ ការឃោសនាបោះឆ្នោត និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងដំណើរការបោះឆ្នោត។
ទី៤៖ ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត។
ទី៥៖ ការបណ្ដុះបណ្ដាល និងការអប់រំអ្នកបោះឆ្នោត។
សូមជម្រាបជូនថា សន្និបាតបូកសរុបការងារបោះឆ្នោតនេះ នឹងត្រូវព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួង ស្ថាប័ន អាជ្ញាធរខេត្ត គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល មន្ត្រី គ.ជ.ប ជាង ៦០០នាក់៕