(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាអនុតំបន់មេគង្គប្រចាំកម្ពុជា និងលោក James Nugent អគ្គនាយកនៃនាយកដ្ឋានអាស៊ីអាគ្នេយ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានធ្វើជាសហប្រធានដឹកនាំ វេទិការបៀងសេដ្ឋកិច្ចមហាអនុតំបន់មេគង្គលើកទី៨ ដោយមានការចូលរួមពី រដ្ឋមន្ត្រីមកពីមហាអនុតំបន់មេគង្គ រួមមានកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងដៃគូអភិវឌ្ឍន៍ ព្រមទាំងវិស័យឯកជនផងដែរ ដែលវេទិកានេះរៀបចំឡើងរយៈពេលពេញ១ថ្ងៃ នៅថ្ងៃទី០៤ ខែសីហានេះ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា ភ្នំពេញ។
យោងតាមសេចក្តីប្រកាសព័ត៌មាន នៃលទ្ធផលនៃវេទិការបៀងសេដ្ឋកិច្ចមហាអនុតំបន់មេគង្គលើទី០៨ លើប្រធានបទ «ពង្រឹងការតភ្ជាប់ និងការលើកកម្ពស់ភាពប្រកួតប្រជែង ក្នុងរបៀងសេដ្ឋកិច្ច មហាអនុតំបន់មេគង្គ (GMS)» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានឲ្យដឹងថា វេទិកានេះបានពិភាក្សាលើមធ្យោបាយពង្រីករបៀងសេដ្ឋកិច្ច ដើម្បីជំរុញឲ្យមានកំណើនសេដ្ឋកិច្ច ខណៈពេលដែលប្រទេស ជាច្រើនក្នុងទ្វីបអាស៊ី បានជួបប្រទះនូវកំណើនសេដ្ឋកិច្ចយឺត។
យោងតាមសេចក្តីប្រកាសព័ត៌មាន អង្គវេទិកាបានពិភាក្សាលើគំនិតផ្តួចផ្តើម និងបទអន្តរាគមន៍សំខាន់ៗមួយចំនួន ក្នុងទិសដៅសម្រេចឲ្យបាននូវសក្តានុពលសេដ្ឋកិច្ច នៃរបៀង GMS រួមមានការពង្រីក និងតម្រឹមរបៀងសេដ្ឋកិច្ចទាំងអស់នេះ ឲ្យស្របជាមួយនឹងលំហូរពាណិជ្ជកម្ម និងវិនិយោគ, វិធានការសម្របសម្រួលការដឹកជញ្ជូន និងពាណិជ្ជកម្ម និង ផែនការរូបវន្ត និងសេដ្ឋកិច្ចសម្រាប់ទីតាំងជាក់លាក់ នៅតាមបណ្តោយរបៀងជាប់ព្រំដែន និងាករអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ច/កម្រងឧស្សាហកម្ម។
ជាមួយគ្នានេះ អង្គវេទិកាបានពិចារណា លើការពង្រឹងកិច្ចសហប្រតិបត្តិការ ឆ្លងកាត់ព្រំដែនតាមរបៀងសេដ្ឋកិច្ច អភិក្រមក្នុងការធ្វើឲ្យ ប្រសើរឡើងនូវកិច្ចសម្របសម្រួលពាណិជ្ជកម្ម និងការដឹកជញ្ជូនប្រកបដោយស័ក្តិសិទ្ធិភាព និងភាពអាចទុកចិត្តបាន និងមធ្យោបាយក្នុងការធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន ក្នុងគោលបំណង លើកកម្ពស់ភាពប្រកួតប្រជែង របស់បណ្តាប្រទេស នៅតាមរបៀងសេដ្ឋកិច្ច GMS។
សូមជម្រាបថា មហាអនុតំបន់មេគង្គ (GMS) មានរបៀងសេដ្ឋកិច្ចចម្បងចំនួន៣៖ (១) របៀងសេដ្ឋកិច្ចជើង-ត្បូង រវាងបណ្តាលប្រទេសនៅអាស៊ីអាគ្នេយ៍ និងចិន, (២) របៀងសេដ្ឋកិច្ចខាងត្បូង ដែលរត់តាមបណ្តោយភាគខាងត្បូងនៃមហាអនុតំបន់នេះ និង(៣) របៀងសេដ្ឋកិច្ច កើត-លិច ដែលលាតសន្ធឹងប្រមាណជាង ១៣០០គីឡូម៉ែត្រ ពីកំពង់ផែដាណាង នៃប្រទេសវៀតណាម ឆ្លងកាត់ប្រទេសឡាវ និងថៃរហូតដល់មីយ៉ាន់ម៉ា៕