(កោះកុង)៖ ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ និងលោក ឈេង សុវណ្ណដា អភិបាលរង ខេត្តកោះកុង រួមជាមួយលោក Chea Gyu Am អគ្គនាយក Rotary International District 3750 នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់នៅមណ្ឌលសុខភាព ១ខ្នង ៤បន្ទប់ ដែលស្ថិតនៅក្នុងភូមិតានូន ឃុំតានូន ស្រុកបុទុមសាគរ ខេត្ត កោះកុង។

អាគារស្នាក់នៅ មណ្ឌលសុខភាពតានូន ជាអំណោយរបស់សមាគម Rotary International District 3750 Gyeonggi Rotary Club តាមរយៈ​ លោក ចៅ ភិរិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ មូលដ្ឋានឃុំឈើទាល ដែលបានចំណាយថវិកាសាងសង់អស់ជាង ៥ម៉ឺនដុល្លារ។

នាឱកាសនោះ​ដែរ លោកឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ញើជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលបានចូលរួមក្នុងពិធីសម្ពោធនាពេលនេះ ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខ ប្រជាពលរដ្ឋទូទាំងប្រទេស។

លោកឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ បានប្រាប់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ពីតម្លៃនៃសុខសន្តិភាពដែលមានសព្វថ្ងៃក្រោម ការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ទើបធ្វើឱ្យប្រទេសជាតិយើង មានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ តាំងពីទីប្រជុំជនរហូតដល់តំបន់ដាច់ស្រយ៉ាលនៅតាមព្រំដែន។ ប្រសិនបើគ្មានសុខសន្តិភាពទេ ក៏គ្មានវត្តមានសមាគម Rotary International District 3750 មានឱកាសចូលរួមអភិវឌ្ឍ កសាងសមិទ្ធិផលនានា ជូនបងប្អូនប្រជាពលរដ្ឋយើងដែរ។ លោកបានថ្លែងអំណរគុណ ចំពោះសមាគម Rotary International District 3750 ក្រុមការងារចុះ មូលដ្ឋានឃុំតានូន អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់នៃខេត្តកោះកុង ដែលបានជួយសហការគ្នាកសាងអគារស្នាក់នៅនេះឡើង។

ជាថ្មីម្ដងទៀត លោកឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ បានអំពាវឱ្យចូលរួមថែរក្សាអគារស្នាក់នៅនេះប្រយោជន៍ឱ្យការប្រើប្រាស់បានយូរអង្វែង និងបានណែនាំ ដល់សិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រ ដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិពិសេសត្រូវចៀសឱ្យឆ្ងាយពី គ្រឿងញៀន និងល្បែងអបាយមុខគ្រប់ប្រភេទ ជាពិសេសក៏បានធ្វើការថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅក្នុងឃុំតានូន ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះដ៏ធំធេង៕