(ភ្នំពេញ)៖ លោកស្រី ឃួន សុដារី តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រីបានប្រាប់ប្រតិភូមជ្ឈមណ្ឌលអាមេរិកកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិថា រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តប្រយុទ្ធប្រឆាំងគ្រប់រូបភាព នៃការរំលោកបំពានលើស្រ្តីទៅតាមច្បាប់ និងអនុសញ្ញានានា ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
ការបញ្ជាក់នេះ បានធ្វើឡើងក្នុងជំនួបសន្ទនារវាងលោកស្រី ឃួន សុដារី និង លោក អឺលប្រោន នាយកកម្មវិធីផ្នែកបច្ចេកទេសទទួលបន្ទុកកម្មវិធីច្បាប់ និងជាមេធាវីផ្នែកនីតិការងាររបស់មជ្ឈមណ្ឌលសាមគ្គីភាព នាព្រឹកថ្ងៃទី៤ ខែសីហា នាវិមានរដ្ឋសភា។
តបទៅនឹងការចោទសួររបស់លោក អឺលប្រោន ដែលចង់ស្វែងយល់ពីច្បាប់ បទប្បញ្ញតិ្ត គោលនយោបាយ និងយន្តការផ្សេងៗសម្រាប់ទប់ស្កាត់ និងដោះស្រាយបញ្ហាអំពើហិង្សាលើស្រី្តនៅកម្ពជា ពិសេសផ្តោតលើភាពយ៉េនឌ័រនោះ លោកស្រី ឃួន សុដារី បានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងផ្តល់ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីការអប់រំស្ត្រី និងការផ្លាស់ប្តូរឥរិយាបថ ការលើកកំពស់សុខភាពស្រ្តី ព្រមទាំងបញ្ហាអាហារូបត្ថម្ភ បញ្ហាកិច្ចការពារផ្លូវច្បាប់សម្រាប់ស្ត្រី ស្រ្តីក្នុងការធ្វើសេចក្តីសំរេចចិត្ត ដើម្បីលប់បំបាត់អំពើជួញដូរ អំពើរំលោភ កេង ប្រវ័ញ្ចគ្រប់ប្រភេទមកលើស្រ្តី។
លោកស្រី បានបញ្ជាក់ទៀតថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ច្បាស់ថា «ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាពចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌របស់ប្រទេសជាតិ។ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិជ្រើសរើសមុខរបរសមស្របទទួលប្រាក់បំណាច់ស្មើគ្នាចំពោះការងារដូចគ្នា»។
លោកស្រី ឃួន សុដារី បានបញ្ជាក់ដូច្នេះ «តាមរយៈការយកចិត្តទុកដាក់លើកកម្ពស់ស្រី្តពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យស្ត្រីនៅកម្ពុជា មានសិទ្ធចូលរួមគ្រប់ចលនាសង្គម និងមានចំនួនកើនឡើងជាលំដាប់គ្រប់ការងារក្នុងសង្គមទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយបានចាត់ទុកស្ត្រី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ»។ «ចំពោះក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រីកន្លងមកបានខិតខំធ្វើសេនាធិការជូនសភាជាតិ ក្នុងបញ្ហាសមភាពយេឌ័រ និងជំរុញឲ្យស្រ្តីមានការចូលរួមតាក់តែងច្បាប់ តាមដានការអនុវត្តច្បាប់ទាក់ទងលើកកម្ពស់សិទ្ធិ និងប្រយោជន៍ស្រ្តីក៏ដូចប្រជាជនទូទៅ»។
ក្នុងកិច្ចសន្ទនានោះ ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍ជូនគ្នាទៅវិញទៅមក ដើម្បីទប់ស្កាត់ និង លុបបំបាត់ការរើសអើងគ្រប់ប្រភេទប្រឆាំងនឹងស្ត្រី។ លោក អឺលប្រោន ក៏បានបញ្ជាក់ថា ការរំលោភបំពានសិទ្ធស្ត្រីនៅប្រទេសអាមេរិក ក៏ដូចនៅតាមប្រទេសលើសកលលោក ក៏នៅមានកើតឡើងដែរ។
ភាគីទាំងពីរ បានយល់ឃើញដូចគ្នាថា តាមរយៈការខិតខំរបស់ថ្នាក់ដឹកនាំគ្រប់បណ្តាប្រទេសលើពិភពលោក ភាពរើសអើងគ្រប់ប្រភេទប្រឆាំងនឹងស្ត្រីនឹងត្រូវបានលុបបំបាត់ដោយប្រសិទ្ធភាព និងនិរន្តរភាព៕