(ភ្នំពេញ)៖ ក្រុមគ្រួសារសពលោក នុត ណារ៉ាង អតីតរដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានផ្ញើលិខិតថ្លែងអំណរគុណជូនថ្នាក់ដឹកនាំ ចំពោះសមានចិត្តចូលរួមរំលែកទុក្ខមរណភាពរបស់លោក នុត ណារ៉ាង។

ក្នុងលិខិតថ្លែងអំណរគុណដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ រួមមាន៖

* សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា
* សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច
* លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ
* លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លោកស្រី នុត សុភី បានបញ្ជាក់ថា សារលិខិតចូលរួមរំលែកទុក្ខរបស់ថ្នាក់ដឹកនាំទាំងអស់ ពិតជាផ្ដល់នូវកិត្តិយសដ៏ឧត្តុង្គឧត្តមក្រៃលែងពុំអាចកាត់ថ្លៃបាន ដល់ក្រុមគ្រួសាររបស់នាងខ្ញុំ ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយសណ្តានចិត្តដ៏ប្រពៃថ្លៃថ្លា និងមនោសញ្ចេតនាស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅ ដែលធ្វើឲ្យនាងខ្ញុំ និងក្រុមគ្រួសារនៃសព ពិតជាមានក្តីរំភើបឥតឧបមា និងសូមសម្តែងនូវកត្តញ្ញូកតវេទិតាធម៌ ដែលចង ចាំជានិច្ចមិនអាចបំភ្លេចបានឡើយ។

តាងនាមឲ្យក្រុមគ្រួសារនៃសព ឯកឧត្តម នុត ណារ៉ុង និងក្នុងនាមនាងខ្ញុំផ្ទាល់ នាងខ្ញុំសូម បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សាការពារ និងប្រោះព្រំនូវសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះថ្នាក់ដឹកនាំទាំអស់ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបាន ប្រកបដោយពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕