(ភ្នំពេញ)៖ សន្តិសុខនយោបាយ កំណើនសេដ្ឋកិច្ច និងស្ថិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៅសតវត្សរ៍ទី២១នេះ ត្រូវបានធ្វើឲ្យអន្តរាយ ដោយសារប្រទេសមហាអំណាច តាមរយៈគោលនយោបាយការបរទេស របៀបវារៈដែលបង្កប់ទុក និងការទាញយកផលប្រយោជន៍សម្រាប់ជាតិរបស់ខ្លួន។
មានមនុស្សជាច្រើនយល់ឃើញថា សតវត្សរ៍ទី១៩ គឺជាយុគសម័យពេជ្ររបស់អឺរ៉ុប សតវត្សរ៍ទី២០ គឺជាយុគសម័យអនុត្តរភាព របស់សហរដ្ឋអាមេរិក ហើយសតវត្សរ៍ទី២១ គួរតែជាសម័យដ៏រុងរឿងមួយសម្រាប់តំបន់អាស៊ី។ ប៉ុន្តែអាស៊ីត្រូវតែរួបរួមគ្នាដោយប្រកាន់នូវ គោលជំហរច្បាស់លាស់មួយ ដើម្បីក្តាប់យកឱកាសរបស់ខ្លួន។
តំបន់អាស៊ីបច្ចុប្បន្នកំពុងលូតលាស់ទៅមុខ ប៉ុន្តែវាក៏មានបញ្ហាផ្ទាល់ខ្លួនផងដែរ ដែលត្រូវបានជ្រៀតជ្រែក ដោយលោកខាងលិច និងភាគីពាក់ព័ន្ធផ្សេងទៀត។ បញ្ហាមួយក្នុងចំណោមបញ្ហា ដ៏រសើបបំផុតនោះ គឺបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង ដែលពាក់ព័ន្ធមួយចំនួន នឹងលោកខាងលិច ខណៈដែលវាស្ថិតនៅ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ បញ្ហាពិសេសនេះ ត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំ និងវេទិកាថ្នាក់តំបន់ និងអន្តរជាតិ ស្ទើរតែទាំងអស់។
ទំនាក់ទំនងអាស៊ាន-ចិន នឹងអបអរខួបជាង២ទស្សវត្សនៃកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរបស់ខ្លួន ចាប់តាំងពីឆ្នាំ១៩៩១។ អាស៊ានមានទំនាក់ទំនងជិតស្និតនឹងប្រទេសចិន ដែលបច្ចុប្បន្នចិនជាប្រទេសមាន សេដ្ឋកិច្ចធំបំផុតទី២ នៅលើពិភពលោក។ ចិនក៏ជាប្រទេសដៃគូសេដ្ឋកិច្ចធំជាងគេ និងសំខាន់មួយជាមួយ ប្រទេសជាច្រើននៅជុំវិញពិភពលោក រួមទាំងសហរដ្ឋអាមេរិក។
តាំងពីឆ្នាំ២០០៩ ចិននៅតែបន្តធ្វើជាដៃគូ ពាណិជ្ជកម្មធំបំផុតរបស់អាស៊ាន ដែលទំហំពាណិជ្ជកម្មសរុប ចំនួនជាង៣៧០ប៊ីលានដុល្លារអាមេរិក នេះបើយោងតាមស្ថិតិអាស៊ាន នៅក្នុងខែធ្នូ ឆ្នាំ២០១៥។ ជាមួយនឹងសក្តានុពលទីផ្សារដ៏ធំ ដែលមានប្រជាជនចំនួនជាង២ប៊ីលាននាក់ អាស៊ាន និងចិន កំពុងស្ថិតនៅលើ វិថីមួយដ៏ត្រឹមត្រូវ ដើម្បីសម្រេចឲ្យបាននូវគោលដៅភ្លោះ គឺទំហំពាណិជ្ជកម្មទ្វេភាគី ចំនួន១ទ្រីលានដុល្លារអាមេរិក និងការវិនិយោគចំនួន១៥០ ប៊ីលានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២០ ដូចដែលភាគីទាំងពីរ បានបេ្តជ្ញាចិត្តកន្លងមក។
បើទោះបីជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមនាពេលបច្ចុប្បន្ន នៅក្នុងសមុទ្រចិនខាងត្បូង បានបង្កើតឲ្យមាននូវភាពមិនចុះសម្រុងគ្នាមួយកម្រិតរួចទៅហើយ នៅក្នុងចំណោមរដ្ឋជាភាគីពាក់ព័ន្ធផ្ទាល់ ហើយ បានចោទជាបញ្ហាប្រឈមដល់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ដែលចាំបាច់ទាមទារឲ្យមានកិច្ចសន្ទនា និងកិច្ចពិគ្រោះយោបល់យ៉ាងសកម្ម ដើម្បីជម្រុញការយល់អំពីគ្នាទៅវិញទៅមក ស្វែងរកនូវ ដំណោះស្រាយមួយសមរម្យ ដោយតាមវិធីដែលអាចធ្វើទៅបាន។
ដោយទ្បែកអាស៊ានវិញ តែងតែបែងចែកជាក្រុម គឺក្រុមសមាជិកចាស់ និងក្រុមសមាជិកថ្មី ដែលជាទូទៅត្រូវបានហៅថា អាស៊ាន-៦ ដែលមានប្រទេសប្រ៊ុយណេដារូសាឡាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ និងអាស៊ាន-៤ ឬ CLMV ដែលមានដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ារ និងវៀតណាម។ រាល់ពេលដែលបញ្ហានយោបាយ ត្រូវបានយកមកជជែកគ្នា គេតែមើលឃើញថា អាស៊ាន ត្រូវបានបែងចែកជាបីក្រុម គឺក្រុមដែលគាំទ្រអាមេរិក ក្រុមគាំទ្រចិន និងក្រុមដែលធ្វើពុតជាអព្យាកិ្រត្យ។ ទោះជាយ៉ាងណាក៏ ដោយវាមានលក្ខណៈជាវិជ្ជមាន ម៉្យាងដែរសម្រាប់អាស៊ាន ដែលប្រកាន់ខ្ជាប់នូវគោលការណ៍របស់ខ្លួននៃ «វិធានអាស៊ាន» ដែលត្រូវបានកំណត់លក្ខណៈដោយគោលការណ៍ការអត់ឱន ភាពអត់ធ្មត់ ការព្រមព្រៀង កុងសង់ស៊ីស ការពិគ្រោះយោបល់ សមភាព និងភាពរឹងមាំរបស់ជាតិ។
គោលការណ៍មូលដ្ឋានមួយ គឺរាល់សេចក្ដីសម្រេចរបស់អាស៊ានទាំងអស់ ត្រូវឈរលើការពិគ្រោះយោបល់ និងកុងសង់ស៊ីស ដូចដែលមានចែងក្នុងធម្មនុញ្ញរបស់ខ្លួន ហើយដែលដូចនេះ ហើយទើបអាស៊ានអាចបន្ត ភាពជោគជ័យរបស់ខ្លួនជាងពាក់កណ្តាលសតវត្ស ចាប់តំាងពីឆ្នាំ១៩៦៧។
ពាក់ព័ន្ធនឹងបញ្ហារសើបនៃសមុទ្រចិនខាងត្បូង អាស៊ាន និងចិន មិនគួរអនុញ្ញាតឱ្យបញ្ហាប្រឈមនេះ រីកលូតលាស់ និងប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងមិត្តភាពដែលមានស្រាប់ឡើយ។ ភាគីទាំងពីរគួរតែឲ្យតម្លៃកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ក្នុងរូបភាពទូលំទូលាយ ដែលមានរយៈពេល២៥ឆ្នាំកន្លងមនេះ។
ចំណងមិត្ដភាពដ៏ជិតស្និទ្ធនេះ មិនមានត្រឹមតែរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងកើតមានឡើងនៅគ្រប់ទីកន្លែង គឺរវាងពាណិជ្ជកម្ម និងពាណិជ្ជកម្ម ប្រជាជន និងប្រជាជន វប្បធម៌ ប្រវត្តិសាស្រ្តជាដើម។ ផ្ទុយទៅវិញ ការប្រឈមមុខដាក់គ្នា និងភាពតានតឹងកាន់តែខ្លាំងឡើង ពុំបាននាំមកនូវផលប្រយោជន៍អ្វីទាំងអស់សម្រាប់អាស៊ាន ចិន និងតំបន់ ជាពិសេសប្រជាជនក្នុងតំបន់ទាំងមូល។
ឆ្លើយតបទៅនឹងការស្តីបន្ទោស និងការចោទប្រកាន់មកលើកម្ពុជា ដែលជាប្រទេសដ៏តូចមួយនេះធ្វើជា ប្រធានអាស៊ាននៅឆ្នាំ២០១២ ជាការពិតទៅប្រទេសហ្វីលីពីន ដែលត្រូវបានគេដឹងថា ជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់អាមេរិក និងវៀតណាម ដែលជារដ្ឋមួយនៃបណ្ដារដ្ឋ ទាមទារអធិបតេយ្យភាព បានរួមគ្នា រៀបចំនូវគម្រោងលាបពណ៌ដល់កម្ពុជា តាមវីធីធ្វើឲ្យជាប់គាំងការចេញសេចក្តីថ្លែងការណ៍រួមអាស៊ាន។
ការដែលមិនបានចេញ នូវសេចក្តីថ្លែងការណ៍រួមអាស៊ាននៅឆ្នាំ២០១២ គឺមិនមែនជាកំហុសរបស់កម្ពុជាទេ ប៉ុន្តែវាជាអំពើរបស់ប្រទេសទាំងពីរ ដែលបានដឹងរួចជាស្រេចហើយថា រាល់ការសម្រេចចិត្តទាំងអស់ ត្រូវតែផ្អែកលើគោលការណ៍កុងសង់ស៊ីសរបស់អាស៊ាន។ និយាយឲ្យស្រួលយល់ ប្រសិនបើកម្ពុជាធ្វើជា ប្រធានអាស៊ាននៅឆ្នាំនេះ សេចក្តីថ្លែងការណ៍នេះ ក៏មិនអាចចេញបានដែរដោយហ្វីលីពីន និងវៀតណាម នឹងព្យាយាមរារាំង ដោយដាក់បញ្ចូលនូវខ្លឹមសារពាក់ព័ន្ធនឹងសេចក្តីសម្រេច របស់តុលាការមជ្ឈត្តកម្មនៅ ថ្ងៃទី១២ ខែកក្កដា ចូលទៅក្នុងសេចក្តីថ្លែងការណ៍នេះ។
ហ្វីលីពីនមិនដែលបានពិភាក្សាជាមួយអាស៊ាន មុនពេលដាក់បណ្តឹងរបស់ខ្លួន ទៅតុលាការនៅទីក្រុងឡាអេនោះទេ។ ប៉ុន្តែនៅពេលដែលសេចក្តីសម្រេចបានចេញឱ្យ ហ្វីលីពីនឈ្នះពួកគេបានព្យាយាមដាក់សម្ពាធ លើអាស៊ាន ដើម្បីគាំទ្រដល់ការចេញសាលក្រមរបស់តុលាការ។ មានសំណួរលើកឡើងថា តើនរណាជាអ្នកប៉ុនប៉ងបំបែកអាស៊ាន? តើនរណាជាអ្នកព្យាយាមបំបែក គោលការណ៍របស់អាស៊ាន?
វាជាការសង្ស័យមួយ ទៅហើយដែលហ្វីលីពីន និងវៀតណាម លាក់ក្នុងរបៀបវារៈរបស់ខ្លួន ដើម្បីព្យាយាមត្រួសត្រាយផ្លូវពួកគេ សម្រាប់ការធ្វើជាប្រធានអាស៊ាន នៅឆ្នាំខាងមុខ។ ក្នុងន័យនេះ ប្រសិនបើអាស៊ានមិន អាចចេញសេចក្តីថ្លែងការណ៍នេះ ជាថ្មីម្តងទៀតនៅឆ្នាំ២០១៦ វានឹងបង្កើតជាលេសមួយ នៅពេលដែលហ្វីលីពីន និងវៀតណាម ខ្លួនឯងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០១៧ និង២០២០។
យើងគួរក្រលើកមើលប្រទេស សមាជិកអាស៊ានមួយទៀត គឺសិង្ហបូរី ដែលជាប្រទេសសម្របសម្រួលទំនាក់ ទំនងដៃគូសន្ទនាអាស៊ាន-ចិន សម្រាប់ឆ្នាំ២០១៥-២០១៨។ សិង្ហបូរី ជាមិត្តភក្តិដែលអាចទុកចិត្តបំផុត និងជាដៃគូយុទ្ធសាស្រ្តដ៏ជិតស្និទ្ធរបស់សហរដ្ឋអាមេរិក។ វាគឺជាក្តីសង្ឃឹមយ៉ាងមុតមាំថា សិង្ហបូរីត្រូវអនុវត្តតួនាទីដ៏សំខាន់របស់ខ្លួន តំណាងឲ្យអាស៊ាន ដើម្បីធ្វើការជាមួយចិន។ ប៉ុន្តែក្នុងខណៈពេលមួយ ឯកអគ្គរដ្ឋទូតសិង្ហបូរីម្នាក់ បែរជាថ្លែងថា កម្ពុជាគួរតែត្រូវបានបណ្តេញចេញពីអាស៊ាន។ ការបញ្ចេញយោបល់បែបនេះ គឺពិតជាមិនសមហេតុផលអ្វីទាំងអស់ ចំពោះទម្លាប់អាស៊ានកន្លងមក ផ្ទុយទៅវិញវាបានធ្វើឲ្យប៉ះពាល់ ដល់ទំនាក់ទំនងរវាងភាគីពាក់ព័ន្ធ។ ស្ថានទូតកម្ពុជាប្រចាំសិង្ហបូរី គួរធ្វើការជាមួយសិង្ហបូរី ដើម្បីស្វែងរកការបំភ្លឺបន្ថែមទៀត អំពីសំដីរបស់ឯកអគ្គរដ្ឋទូតសិង្ហបូរីរូបនេះ ថាតើវាជាទស្សនៈផ្ទាល់ខ្លួន ឬជាទស្សនៈរបស់ រដ្ឋាភិបាលសិង្ហបូរី។
នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែងថា កម្ពុជាបានធ្វើការលះបង់យ៉ាងក្រៃលែង ដើម្បីគាំទ្រនូវគោលការណ៍ និងផលប្រយោជន៍របស់អាស៊ាន។
គាត់បានមានប្រសាសន៍ថា កម្ពុជារក្សាជំហរអព្យាក្រឹតភាពរបស់ខ្លួន ដោយមិនប្រកាន់យកភាគីណាមួយ ប៉ុន្តែបានរួមចំណែកបន្ថយភាពតានតឹង នៅសមុទ្រចិនខាងត្បូង តាមរយៈកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធទាំងអស់ ដែលក្នុងពេលជាមួយគ្នានោះដែរ បានជួយជៀសវាងនូវការបំផ្លាញទំនាក់ទំនងរវាងអាស៊ាន និង ចិន ដោយសារតែបញ្ហាទ្វេភាគី នៃប្រទេសសមាជិកអាស៊ានមួយចំនួន និងចិន និងប្រកាន់ខ្ជាប់នូវ និងគោរពនូវគោរពគោលការណ៍ ដែលបានទទួលស្គាល់ជាសកលនៃច្បាប់អន្តរជាតិ និងគោលការណ៍ជាមូល ដ្ឋានរបស់អាស៊ាន។
ប្រសិនបើកម្ពុជាមិនដើរតួនាទីអព្យាក្រឹតក្នុងគ្រានេះទេ ហើយសេចក្តីសម្រេចរបស់តុលាការត្រូវបានដាក់ បញ្ចូលក្នុងសេចក្តីថ្លែងការណ៍នេះនោះ ហ្វីលីពីនជាអ្នកសាទរលទ្ធផលនេះ ចំណែកឯអាស៊ានវិញបាន បំពាននូវឯកភាព និងគោលការណ៍មូលដ្ឋានរបស់ខ្លួន។ ប្រសិនបើចិនបានដើរ ចេញពីសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់បណ្តាភាគី នៅសមុទ្រចិនខាងត្បូង (DOC) ដែលបានចុះហត្ថលេខាដោយអាស៊ាន និងចិនក្នុងឆ្នាំ២០០២ ការអនុវត្តនៃ DOC និងការចរចាឆ្ពោះទៅរកក្រមប្រតិបត្តិ នៅសមុទ្រចិនខាងត្បូង (COC) នឹងត្រូវបានបំផ្លាញ។ ទាំងនេះ នឹងត្រូវក្រុមមនុស្សជាច្រើនឃើញយ៉ាងច្បាស់ថា អាស៊ាន និងចិន នឹងប្រឈមមុខដាក់គ្នាហើយ ជម្លោះនឹងកាន់តែមានសភាពអាក្រក់បំផុត ហើយតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងត្រូវទទួលរងផលប៉ះពាល់ នៅខណៈពេលដែលអាស៊ីនៅ ក្នុងសតវត្សរ៍ទី២១ នេះនឹងជួបហានិភ័យ។
ជាកិច្ចបញ្ចប់នេះ ជាមួយនឹងតួនាទី និងជំហររបស់កម្ពុជា អាស៊ានសប្បាយរីករាយ ចំណែកឯចិនក៏ពេញចិត្តផងដែរ ហើយបានតបស្នងចំពោះអាស៊ាន នូវការសន្យាបញ្ចប់ក្រមសម្រាប់ការប៉ះទង្គិច ដោយមិនបានគ្រោងទុកនៅសមុទ្រ (CUES) សម្រាប់នាវាទំាំងទ្បាយនៅសមុទ្រចិនខាងត្បូង ក៏ដូចជា បណ្តាញខ្សែ ទូរស័ព្ទទំនាក់ទំនងរវាងឧត្តមមន្រ្តីអាស៊ាន នៃក្រសួងការបរទេសរបស់ ប្រទេសសមាជិកអាស៊ាន និង ក្រសួងការបរទេសចិន ការកំណត់កាលបរិច្ឆទសម្រាប់ ក្របខណ្ឌក្រមប្រតិបត្តិនៅសមុទ្រខាងត្បូង (COC) នៅពាក់កណ្តាលឆ្នាំ២០១៧ និងធ្វើកិច្ចការលើអត្ថន័យ COC។ សម្រាប់ទិសដៅអនាគតសមុទ្រចិនខាង ត្បូងនឹងក្លាយជាសមុទ្រសន្តិភាព ស្ថិរភាព និងវិបុលភាព ហើយសតវត្សរ៍ទី២១ នឹងបំពេញក្តីសុបិន្តរបស់ អាស៊ី ឲ្យក្លាយជាការពិត៕
ដោយ៖ អតីតអ្នកការទូតកម្ពុជា