(ក្រចេះ)៖ ត្រឹមតែរយៈពេល ៣ថ្ងៃគិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រយានី កុសមៈ ខេត្តក្រចេះ កម្លាំងជំនាញបោសសម្អាតគ្រាប់សំណល់សង្គ្រាម នៃរបស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាសំណល់សង្គ្រាមចំនួន ២ ១១៦គ្រាប់ ក្នុងនោះមានប្រភេទគ្រាប់M79 ចំនួន២ ០៣៣គ្រាប់, គ្រាប់ DK75 ចំនួន ៦៣គ្រាប់, FuzeM48 ចំនួន១៨គ្រាប់ និងគ្រាប់ B40, គ្រាប់ H107 ចំនួន១គ្រាប់។

យោងតាមការវាយតម្លៃស្ថានភាពបញ្ហាគ្រាប់ ក្នុងបរិវេណសាលាវិទ្យាល័យនេះ អាចមានចំនួនច្រើនទៀត ដែលទាមទារការបិទសាលារៀនជាបណ្តោះអាសន្ន ដើម្បីអនុញ្ញាតិផ្តល់លទ្ធភាពឱ្យកម្លាំងស៉ីម៉ាក់ អាចបោសសម្អាតធានាសុវត្តិភាព ជូនសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ក៏ដូចប្រជាពលរដ្ឋក្នុងតំបន់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ សាលាត្រូវជួសជុលអាគារ និងចាក់សាប់ ហើយត្រូវបានក្រុមជាងកាយសាប ក៏ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះសល់ពីសង្គ្រាមជាច្រើនគ្រាប់។ ភ្លាមៗ លោក ប៊ុន ឆី នាយកវិទ្យាល័យ ក៏បានរាយការណ៍ទៅសមត្ថកិច្ច ហើយនៅពេលមន្ដ្រីស៉ីម៉ាក់មកដល់ រាវរកក៏ប្រទះឃើញគ្រាប់ជាច្រើននៅទីតាំងនោះ។

លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តក្រចេះ បានអនុញ្ញាត្តឲ្យសិស្សឈប់សម្រាកមួយរយៈពេលខ្លី ទម្រាំកម្លាំងស៉ីម៉ាក់រុករក និងយកគ្រាប់ចេញពីទីតាំងនោះអស់ ទើបអនុញ្ញាតឲ្យសិស្សចូលរៀនវិញ៕