(សៀមរាប)៖ ភរិយាអភិបាលខេត្តសៀមរាប លោកស្រី គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦នេះ បានចូលរួមបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ដល់យុវជនប្រចាំវិទ្យាល័យពួក៦០រូប។
ក្នុងឱកាសនោះដែរ លោកស្រី បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា បានប្រកាន់ភ្ជាប់នូវគោលការណ៍ទាំង៧ នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម គឺភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព ក៏ដូចជាកំពុងអនុវត្តបន្តយុទ្ធសាស្រ្ត២០១១ ២០២០។ លោកស្រី ក៏បានលើកឡើងបន្ថែមពីទស្សនវិស័យដូចជា រួមចំនែកពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និងការពារតម្លៃមនុស្សធម៌របស់ជនរងគ្រោះ ដោយផ្ដោតជាសំខាន់លើវិស័យស្នូលទាំង៤គឺ ការគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព និងការថែទាំសុខភាពសហគមន៍ ការលើកម្ពស់គោលការគ្រឹះ តម្លៃមនុស្សធម៌របស់ចលនា និងការអភិវឌ្ឍស្ថាប័ន អភិវឌ្ឍធនធាន។
សូមបញ្ជាក់ថា នេះជាលើកទី២ហើយ ចាប់តាំងពីឆ្នាំ២០១១មក ដែលយុវជនវិទ្យាល័យពួក បានទទួលការបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ហើយក៏ជាលើកទី៣ផងដែរ ដែលមកទល់ពេលនេះ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកពួក មានយុវជនកាកបាទក្រហម១៦០រូប បានទទួលការបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា។
បច្ចុប្បន្ននៅទូទាំងសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប មានយុវជនកាកបាទក្រហមសរុប១,១៨៦រូប ដែលតាមរយៈនេះ ប្អូនៗយុវជនកាកបាទក្រហមកម្ពុជា បានចូលរួមក្នុងសកម្មភាពវិទ្យាល័យ ក៏ដូចជាសកម្មភាពមនុស្សធម៌ក្នុងសង្គមផងដែរ៕