(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការចំនួន១០០នាក់ ដើម្បីចូលបម្រើការផ្នែករដ្ឋបាលទូទៅនៅតាមអង្គភាព និងគ្រឹះស្ថានសិក្សានានាក្រោមឱវាទក្រសួងអប់រំ។
ការប្រឡងនេះដែរត្រូវធ្វើឡើងជា២ដំណាក់កាល ដោយដំណាក់កាលទី១ ធ្វើឡើងនារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ជម្រុះយកត្រឹម២០០នាក់ក្នុងចំណោមបេក្ខជន/បេក្ខនារី៦៩០នាក់ ហើយបេក្ខជនទាំង២០០នាក់នោះនឹងបន្តប្រកួតប្រជែងនៅដំណាក់កាលទី២ ដែលធ្វើឡើងនាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ខាងមុខ ដើម្បីជម្រុះយកត្រឹម១០០នាក់។
នៅព្រឹកថ្ងៃទី១៣ ខែសីហានេះ គណៈកម្មការរៀបចំការប្រឡងបានរៀបចំកំណត់សំណួរក្នុងវិញ្ញាសា និងចាប់វិញ្ញាសាសម្រាប់ដាក់ឱ្យបេក្ខជនប្រឡងនៅសាលាភូមិន្ទរដ្ឋបាល ដោយក្នុងពេលនោះ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចុះត្រួតពិនិត្យកិច្ចការចាប់វិញ្ញាសានេះផងដែរ។
នៅរសៀលថ្ងៃទី១៣ដដែល លោករដ្ឋលេខាធិការប្រចាំការ យក់ ប៊ុនណា តំណាងលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមជាមួយលោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានអញ្ជើញជាអធិបតីក្នុងការបើកកញ្ចប់វិញ្ញាសាជូនបេក្ខជន/បេក្ខនារីផងដែរ។
ការប្រឡងដំណាក់កាលទី១នេះ បេក្ខជនត្រូវឆ្លើយសំណួរពហុចម្លើយពាក់ព័ន្ធនឹងចំណេះដឹងទូទៅ និងរដ្ឋបាល (មេគុណ១) និងជំនាញ (មេគុណ២) ដែលវិញ្ញាសាជំនាញសរុប៨វិញ្ញាសា។
គួរជម្រាបថា បន្ទាប់ពីបញ្ចប់ការប្រឡងជ្រើសរើសនេះហើយ បេក្ខជននឹងទទួលការបណ្តុះបណ្តាលពីសាលាភូមិន្ទរដ្ឋបាល មុននឹងចូលបម្រើការងារនៅតាមអង្គភាព និងគ្រឹះស្ថានសិក្សានានាក្រោមឱវាទទីស្តីការក្រសួងអប់រំ ចំនួន១០០កន្លែង (ក្របខណ្ឌប្រភេទ ក)៕