(ភ្នំពេញ)៖ តំណាងគ្រួសារសពលោក នុត ណារ៉ាង បានចេញសារលិខិតថ្លែងអំណរគុណ សូមគោរពជូនសម្ដេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា ថ្នាកដឹកនាំស្ថាប័ននានា និងឥស្សរជនជាន់ខ្ពស់ ដែលបានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ។ នេះបើតាមសារលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងសារលិខិត បានសរសេរថា នាងខ្ញុំ ព្រមទាំងក្រុមគ្រួសារនៃសព ឯកឧត្តម នុត ណារ៉ាង សូមលំឱនកាយលើកដៃប្រណម គោរពថ្លែងអំណរគុណ និងដឹងគុណជាអនេកប្បការ យ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ ថ្នាកដឹកនាំស្ថាប័នានា និងឥស្សរជនជាន់ខ្ពស់ ដែលបានផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះការបាត់បង់ ឯកឧត្តម នុត ណារ៉ាង ជាទីគោរពស្រឡាញ់បំផុតរបស់ក្រុមគ្រួសារនាងខ្ញុំ។

សារលិខិតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ របស់សម្ដេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា ចំពោះមរណភាពឯកឧត្តម នុត ណារ៉ាង គឺពិតជាផ្ដល់នូវកិត្តិយសដ៏ឧត្តុង្គឧត្តមក្រៃលែងពុំអាចកាត់ថ្លៃបាន ដល់ក្រុមគ្រួសាររបស់នាងខ្ញុំ ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ប្រកបដោយសណ្តានចិត្តដ៏ប្រពៃថ្លៃថ្លា និងមនោសញ្ចេតនាស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅ ដែលធ្វើអោយនាងខ្ញុំ និងក្រុមគ្រួសារនៃសព ពិតជាមានក្តីរំភើបឥតឧបមា និងសូមសម្ដែងនូវកត្តញ្ញូកតវេទិតាធម៌ ដែលចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយ។

តាងនាមឲ្យក្រុមគ្រួសារនៃសព ឯកឧត្តម នុត ណារ៉ាង និងក្នុងនាមនាងខ្ញុំផ្ទាល់ នាងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សាការពារ និងប្រោះព្រំនូវសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្ដេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្ដេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ មេត្តាទទួលនូវភក្តីភាពយ៉ាងស្មោះស្ម័គ្រ និងអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីក្រុមគ្រួសារនាងខ្ញុំ៕