កម្លាំងសមត្ថកិច្ចចំរុះបង្ក្រាប និងដុតកម្ទេចចោលសាច់មាន់ខូចគុណភាពជិត១តោន ក្រោយលួចនាំចូលពីថៃ (Video Inside)
04-08-2016 20:06
(បន្ទាយមានជ័យ)៖ កម្លាំងសមត្ថកិច្ចចំរុះ រួមមានមន្រ្តីសាខាកាំកុងត្រូល នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង-ខេត្ត និងមន្រ្តីបសុព្យាបាល ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នេះ បានដុតកម្ទេចចោលសាច់មាន់ខូចគុណភាពជិត១តោន ក្រោយពីបង្ក្រាបបាន ដែលក្រុមឈ្មួញលួចនាំចូលពីប្រទេសថៃ។
លោក ហុង លៀង អនុប្រធានសាខាកាំកុងត្រូលខេត្តទទួលបន្ទុកទីផ្សារ និងស្ថិតិ បានបញ្ជាក់ថា ក្រោមការណែនាំពីលោក ស៊ាន សីុណាត ប្រធានសាខាកាំកុងត្រូលខេត្ត មន្រ្តីរបស់លោក សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានយកសាច់មាន់ចំនួន៨០០គីឡូក្រាម ដែលចាប់បាននាព្រឹកមិញ មកដុតកម្ទេចោល ស្ថិតនៅទីតាំងចាក់សំរាម ភូមិកងវ៉ា សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចចំរុះ បានឃាត់រថយន្តម៉ាក់ Camary ចង្កូតស្តាំ ពណ៌ស ឆ្នាំ១៩៩៥ ពាក់ស្លាកលេខ ភ្នំពេញ 2A-0112 ដែលលួចដឹកសាច់មាន់ខូចគុណភាព ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ។
បើតាមម្ចាស់រថយន្ដ ឈ្មោះប៊ុន ប៊ូវិបុល បានសារភាពថា ការដឹកជញ្ជូននេះ ជាលើកទី៤ហើយ ដែលដឹកសាច់មាន់នេះ ដឹកចេញពីចំណុចក្បែរព្រំដែន ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត យកទៅខេត្តសៀមរាប ដើម្បីអោយសត្វក្រពើសីុ។
សម្រាប់អ្នកបើករថយន្តខាងលើនេះ ស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ចជំនាញ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕