(ក្រចេះ)៖ កម្លាំងក្រុមស្រាវជ្រាវគ្រាប់បែកចង្កោមលេខ០៥ ប្រចាំកងឯកភាពកំចាត់មីនទី៥ បានរាវរកឃើញ គ្រាប់មិនទាន់ផ្ទុះជាង១៥០០គ្រាប់ហើយ នៅក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រិយានី កុសុមៈ ស្ថិតក្នុងក្រុងក្រចេះ គិតត្រឹមរសៀលម៉ោង១ ថ្ងៃ១៣ ខែសីហា ឆ្នាំ២០២៣នេះ។

យោងតាមការបញ្ជាក់ពីមន្រ្តីក្រុមស្រាវជ្រាវគ្រាប់បែកចង្កោមលេខ០៥ ប្រចាំកងឯកភាពកំចាត់មីនទី៥ បានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣មកដល់រសៀលថ្ងៃនេះ ក្រុមលោកបានរាវរកឃើញគ្រាប់មិនផ្ទុះរហូតដល់ជាង១៥០០គ្រាប់។ ហើយគ្រាប់ទាំងនេះមានចំនួន៥ប្រភេទរួមមាន៖M7,.DK75;ក្បាលផ្ទុះ48,B40,H107,។

ក្រុមមន្រ្តីជំនាញបញ្ជាក់ទៀតថា ចំពោះប្រត្តិបត្តិការយកគ្រាប់មិនទាន់ផ្ទុះចេញពីទីតាំងនេះមិនអាចបញ្ជាក់បានថាបញ្ចប់នៅពេលណានោះទេ ព្រោះគ្រាប់ទាំងនោះនៅមានច្រើនទៀត ហើយនៅល្ងាចថ្ងៃនេះអាចបញ្ជប់ត្រឹមតែ១រណ្ដៅតែប៉ុណ្ណោះ ដោយឡែក នៅ៤រណ្ដៅផ្សេងទៀតក៍មានគ្រាប់មិនទាន់ផ្ទុះច្រើនដែរមិនទាន់បានធ្វើការយកគ្រាប់ទាំងនោះចេញនៅឡើយទេ។ ហើយលោកនិងយកសត្វឆ្កែហិតមីនចំនួន២ក្បាលមកជួយហិតរកបន្ថែមទៀតដើម្បីយកគ្រាប់ឲ្យអស់ពីទីតាំងសាលរៀននេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ សាលាត្រូវជួសជុលអាគារ និងចាក់សាប់ហើយត្រូវបានក្រុមជាងកាយសាបក៏ប្រទះឃើញគ្រាប់ទាំងនេះតែម្ដង។ ភ្លាមៗ លោកប៊ុន ឆី នាយកវិទ្យាល័យ ក៍បានរាយការណ៍ទៅសមត្ថកិច្ច ហើយនៅពេលមន្ដ្រីស៊ីម៉ាក់មកដល់ រាវរកក៍ប្រទះឃើញគ្រាប់ជាច្រើននៅទីតាំងនោះ។

លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តក្រចេះ បានអនុញ្ញាត្តឲ្យសិស្សឈប់សម្រាកមួយរយៈពេលខ្លី ទម្រាំកម្លាំងសុីម៉ាក់រុករក និងយកគ្រាប់ចេញពីទីតាំងនោះអស់ទើបអនុញ្ញាតឲ្យសិស្សចូលរៀនវិញ៕