(ភ្នំពេញ)៖ តំណាងគ្រួសារសពលោក នុត ណារ៉ាង បានចេញសារលិខិតថ្លែងអំណរគុណសូមគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ដែលបានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ។ នេះបេីតាមសារលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។

ក្នុងលិខិតថ្លែងអំណរគុណ បានសរសេរថា នាងខ្ញុំ ព្រមទាំងក្រុមគ្រួសារនៃសព ឯកឧត្តម នុត ណារ៉ាង សូមលំឱនកាយលើកដៃប្រណម គោរពថ្លែងអំណរគុណ និងដឹងគុណជាអនេកប្បការ យ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់ ឯកឧត្តម នុត ណារ៉ាង ជាទីគោរពស្រឡាញ់
បំផុតរបស់ក្រុមគ្រួសារនាងខ្ញុំ។

សារលិខិតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ចំពោះមរណភាពឯកឧត្តម នុត ណារ៉ាង គឺពិតជាផ្ដល់នូវកិត្តិយសដ៏ឧត្តុង្គឧត្តមក្រៃលែងពុំអាចកាត់ថ្លៃបាន ដល់ក្រុមគ្រួសាររបស់នាងខ្ញុំ ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ប្រកបដោយសណ្តានចិត្តដ៏ប្រពៃថ្លៃថ្លា និងមនោសញ្ចេតនាស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅ ដែលធ្វើអោយនាងខ្ញុំ និងក្រុមគ្រួសារនៃសព ពិតជាមានក្តីរំភើបឥតឧបមា និងសូមសម្ដែងនូវកត្តញ្ញូកតវេទិតាធម៌ ដែលចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយ ។

តាងនាមឲ្យក្រុមគ្រួសារនៃសព ឯកឧត្ដម នុត ណារ៉ុង និងក្នុងនាមនាងខ្ញុំផ្ទាល់ នាងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សាការពារ និងប្រោះព្រំនូវសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈសុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ មេត្តាទទួលនូវ ភក្ដីភាពយ៉ាងស្មោះស្ម័គ្រ និងអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីក្រុមគ្រួសារនាងខ្ញុំ៕