(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង លោក វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានជួបពិភាក្សាទ្វេភាគីប្រកបដោយផ្លែផ្កា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

ក្នុងអំឡុងពេលនៃជំនួប លោក វ៉ាង យី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសចិនក្នុងការគោរពអធិបតេយ្យរបស់កម្ពុជា និងពាំនាំនូវការគាំទ្រយ៉ាងពេញលេញរបស់ប្រទេសចិនចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មី និងមាគ៌ាអភិវឌ្ឍរបស់កម្ពុជា។ អាណត្តិដែលទទួលបានពីសម្លេងឆ្នោតគាំទ្រចំនួន ៨២% បានគូសបញ្ជាក់ពីអភិក្រមនៃការដឹកនាំប្រកបដោយការឆ្លើយតបរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះតម្រូវការចាំបាច់ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។

នៅក្នុងបរិបទនៃការប្រារព្វខួបអនុស្សាវរីយ៍លើកទី៦៥នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពរវាងកម្ពុជា និងចិន រដ្ឋមន្ត្រីការបរទេសទាំងពីរបានពិភាក្សាអំពីផែនការសកម្មភាព ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការពហុវិស័យ រួមមានទំនាក់ទំនងនយោបាយ ការទូតសភា ការពង្រីកពាណិជ្ជកម្ម ការសម្របសម្រួលការវិនិយោគ ការលើកកម្ពស់វិស័យទេសចរណ៍ ការផ្លាស់ប្តូរលើវិស័យអប់រំ ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងការពេញចិត្តចំពោះសន្ទុះដ៏រឹងមាំ និងប្រកបដោយថាមវន្តនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ទន្ទឹមនឹងការអះអាងជាថ្មីនូវការប្រកាន់ខ្ជាប់ឥតងាករេរបស់កម្ពុជាចំពោះ “គោលនយោបាយចិនមួយ” លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់កម្ពុជា ក្នុងការពង្រឹងបន្ថែមទៀតនូវសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ ព្រមទាំងលើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេសនិងប្រជាជនទាំងពីរ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងជំនួយអភិវឌ្ឍន៍ជាច្រើនរបស់ប្រទេសចិន រួមមានការផ្តល់វ៉ាក់សាំងកូវីដ-១៩ និងអាហារូបករណ៍ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ដើម្បីប្រារព្វខួបអនុស្សាវរីយ៍លើកទី ១០ ឆ្នាំ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) ក្នុងឆ្នាំនេះ កម្ពុជាគាំទ្រប្រទេសចិនក្នុងការធ្វើជាម្ចាស់ផ្ទះនៃវេទិកាលើកទី៣ ស្តីពី គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដែលជាព្រឹត្តិការណ៍ដ៏មានសារសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។

រដ្ឋមន្រ្តីការបរទេសទាំងពីរ បានផ្លាស់ប្តូរយោបល់លើកិច្ចការតំបន់និងអន្តរជាតិនានា ដែលជាផលប្រយោជន៍រួម។ ភាគីចិនបានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះគំនិតផ្តួចផ្តើមនានារបស់កម្ពុជាក្នុងក្របខ័ណ្ឌអន្តរជាតិ។ ដំណើរទស្សនកិច្ចផ្លូវការរបស់លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ទៅកាន់រដ្ឋធានីប៉េកាំង រួមទាំង ការអញ្ជើញចូលរួមក្នុងពិព័រណ៍អាស៊ាន-ចិនលើកទី២០ និងកិច្ចប្រជុំកំពូលស្តីពីធុរកិច្ចនិងការវិនិយោគអាស៊ាន-ចិន នៅទីក្រុងណាននីង ព្រមទាំងវេទិកាលើកទី៣ ស្តីពី គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ក៏ត្រូវបានពិភាក្សាផងដែរ៕