(រតនគិរី)៖ ដោយសារកត្តាជីវភាពមានលំបាក ហើយម្យ៉ាងទៀតក្រុមបងប្អូនជនជាតិរៀនសូត្រ បានតិចតួចការចេះដឹងមានកម្រិត ទើបពួកគាត់នាំគ្នាជីកត្បូងរកកម្រៃចញ្ចឹមជីវិតតកូន តចៅតាំងពីជំនាន់មុនមកម្លេះ ទោះបីមានហានិភ័យខ្ពស់ក៏ដោយ។

ជាក់ស្តែងមានរូបភាពជាច្រើនសន្លឹក នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ មានកម្មករបងប្អូនជនជាតិទំពូនជាច្រើនក្រុមមានស្រី ប្រុស ក្មេងជំទង់ប្រដាប់ដោយឧបករណ៍ដែកត្បែង,កញ្ច្រែង និងសម្ភារៈផ្សេងៗទៀត មានអ្នកខ្លះជីកលុងចុះក្រោម, អ្នកខ្លះសែងអាចម៍ដី, អ្នកខ្លះរ៉ែងអាចម៍ដីក្នុងទឹករកត្បូង មើលទៅទឹកមុខពួកគាត់ពោរពេញទៅកម្លាំងមាំមួន។

បើតាមលោក នួន ធឿន ជនជាតិទំពូន បានរៀបរាប់ឲ្យដឹងថា ក្រុមពួកគាត់ជីកត្បូងនេះគ្មានអ្នកណាជួលនោះទេ គឺប្រើកម្លាំងដើម្បីដោះស្រាយជីវភាពមិនអាចធ្វើមាន ធ្វើបាននឹងគេទេប៉ុន្តែគ្មានជំរើស ហើយមិនចង់ធ្វើសំណាកដែរ។

លោកថា ក្នុង១រណ្តៅហ៊ុនគ្នា៣នាក់ (មានអ្នកជីក,អ្នករែកអាចម៍ដី,អ្នកដាក់កញ្ច្រែងរ៉ែងក្នុងទឹករកត្បូង) ហើយលទ្ធផលដែលទួលបាន១ថ្ងៃៗចែកគ្នា ក្នុងម្នាក់ចន្លោះ២ម៉ឺនរៀល ៣ម៉ឺនរៀលទូទាត់ថ្លៃចំណាយថ្លៃ ហូបចុក ចាក់សាំងម៉ូតូសល់តិចតួចហើយទោះបីថ្ងៃខ្លះមានភ្លៀង ខ្យល់ក៏ក្រុមគាត់នៅតែបន្តជីករកត្បូងធម្មតាព្រោះគ្មានរបរអីផ្សេងទេ,បើសម្រាកក្រុមគ្រួសារអត់អីហូប។

ដោយឡែកប្អូនប្រុស យុន ចាន់ ជនជាតិខ្មែរមានភរិយាជាជនជាតិទំពូន បានរៀបរាប់ប្រហាក់ប្រហែល និងលោក នួន ធឿន ដែរដោយលើកឡើងថា របរជីកត្បូងនឹងគ្មានអ្នកណាបញ្ជាទេ គឺដើម្បីក្រពះពេលជីករ៉ែងរកត្បូងបានគ្រាប់តូចៗលក់តម្លៃតាមទីផ្សារធម្មតា (អ្នកណាមកទិញមុន,លក់ឲ្យអ្នកនោះគ្មានមេ គ្មានកើយនៅពីក្រោយខ្នងអីទេ ដូចបណ្តាញព័ត៌មានសង្គមមួយចំនួន លើកឡើងនោះទេ)។

ក្រុមបងប្អូនជីកត្បូងខាងលើ ក៏បានថ្លែងអំណរគុណមន្ត្រីជំនាញ, អាជ្ញាធរដែនដី ដែលតែងតែមានការយោគយល់ដល់ពួកគាត់ ក្នុងរយៈពេលកន្លងទៅនេះ ដែលទុកលទ្ធភាពរកចំណូលផ្គត់ផ្គងគ្រួសារបានប្រសើរជាងមុន, ហើយបញ្ហាកើតឡើងជាយថាហេតុ ដោយអាចម៍ដីសង្កត់លើបណ្តាលឲ្យមានអ្នកស្លាប់ ដោយសារពួកគាត់ធ្វេសប្រហែសខ្លួនគាត់។

លោក អ៊ុង ហួរ ប្រធានមន្ទីររ៉ែ និងថាមពល កន្លងទៅថ្មីៗនេះ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តរតនគិរីថា មន្ត្រីជំនាញរបស់លោក ធ្លាប់បានចុះទៅទីតាំងខាងលើ ជាច្រើនដងដោយណែនាំពួកឲ្យដឹងពីច្បាប់ទម្លាប់រឿងជីករ៉ែត្បូង និងបញ្ហាហានិភ័យដល់អាយុជីវិត ប៉ុន្តែពេលមន្ត្រីត្រឡប់មកវិញពួកគាត់នាំគ្នាធ្វើសកម្មភាពបន្តទៀត ហើយដីដែលក្រុមបងប្អូនជនជាតិនាំគ្នាជីករករ៉ែត្បែងនឹង គឺដីមានម្ចាស់ (មានប្លង់កម្មសិទ្ធិត្រឹមត្រូវ) មិនមែនដីព្រៃដីរបស់រដ្ឋ, ដីព្រៃសហគមន៍អីទេ ប៉ុន្តែការជីករករ៉ែត្បូង ទាល់តែមានច្បាប់អនុញ្ញាតិសិន៕