(កំពង់ឆ្នាំង)៖ លោកបណ្ឌិត សឹង សំណាង សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងរៀបចំអាហារសាមគ្គីជូនសមាជិក សមាជិកា ជាម្ចាស់ឆ្នោតដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ ដែលបានធ្វើឲ្យទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

លោកបណ្ឌិត សឹង សំណាង ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ទូទាំងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ថវិកា និងធនធានក្នុងការបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំ បើទោះបីជា មេឃក្តៅ ភ្លៀង ផ្គរ ដោយមិនខ្លាចនឿយហត់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងបញ្ជ្រាបគោលនយោបាយគណបក្សប្រជាជនកម្ពុជា ទៅដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងស្រុកកំពង់លែងឱ្យបានយល់ដឹង និងជ្រួតជ្រាប រហូតទទួលបានការគាំទ្រ លើសផែនការដែលបានកំណត់ និងទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ។

លោកបណ្ឌិត បានបញ្ជាក់ថា «ដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅដោយរលូន សេរី ត្រឹមត្រូវ និងយុត្តិធម៌ ជោគជ័យ ក្រោមបរិយាកាសស្ងប់ស្ងាត់ សុខសន្តិភាព និងគ្មានអំពើហិង្សា និងបានបង្ហាញទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ឱ្យឃើញនូវភាពកាន់តែចាស់ទុំ និងភាពម្ចាស់ការ ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការអនុវត្តនូវគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ»។

លោកបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋ គ្រប់បណ្តាឃុំ ក្នុងស្រុកកំពង់លែង ដែលស្រឡាញ់ គាំទ្រ និងបានបោះឆ្នោតជូនគណបក្ស
ប្រជាជនកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះដែរ លោកបណ្ឌិត សឹង សំណាង រួមដំណើរជាមួយលោក កែវ ពៅ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ឆ្នាំង លោក ហុង គឹមហាក់ និងលោកស្រី ឈិត សុទ្ធា បាននាំយកគ្រែចំនួនពីរទៅជូនអុំស្រីម៉េម៉ាយម្នាក់ដែលមានជីវភាពក្រីក្រលំបាក និងទើបទទួលបានផ្ទះមួយខ្នងជាអំណោយរបស់លោកឯក ស៊ុនរស្មី និងលោក គឹម រ័ត្នណារិន  ជាសមាជិកក្រុមការងារចុះមូលដ្ឋានឃុំត្រងិល។

តាងនាមប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកកំពង់លែង លោកបណ្ឌិត បានប្រសិទ្ធនូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ គ្រប់ប្រការជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងស្រុកកំពង់លែង សូមបានជួបតែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: និងពល:កុំបីឃ្លៀងឃ្លាតឡើយ។ ពិធីសំណេះសំណាល និងហូបនំបញ្ចុកសាមគ្គីនាព្រឹកមិញនេះ បាននាំមកនូវភាពសប្បាយរីករាយគ្រប់ៗគ្នា និងស្ថិតក្រោមបរិយាកាសសាមគ្គីភាព៕