(ភ្នំពេញ)៖ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លោក វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន មានជំនឿថា ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន និងរីកចម្រើនឡើង កាន់តែធំធាត់ថែមទៀត។

ការបង្ហាញនូវជំនឿបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលោក វ៉ាង យី នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ក្នុងដំណើរទស្សនកិច្ចផ្លូវការ មកកាន់កម្ពុជា រយៈពេល២ថ្ងៃ។

លោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ នាយករដ្ឋមន្ត្រី បានឲ្យដឹងនៅក្រោយជំនួបថា លោក វ៉ាង យី បានគោរពពាំនាំផ្ដាំផ្ញើសួរសុខទុក្ខពីលោកប្រធានាធិបតីចិន ស៊ី ជិនពីង, លោកនាយករដ្ឋមន្ត្រីចិន លី ជាំង និងថ្នាក់ដឹកនាំចិនមួយចំនួនទៀត ជូនសម្ដេចតេជោ។

លោក វ៉ាង យី បានគោរពជម្រាបជូនសម្ដេចតេជោថា លោកមកកាន់កម្ពុជា ជាច្រើនដង ហើយជារៀងរាល់ដងពេលមកដល់កម្ពុជា បានឃើញកម្ពុជា ជាពិសេសរាជធានីភ្នំពេញ មានការផ្លាស់ប្ដូរយ៉ាងរស់រវើក ហើយពេលនេះ ជាសក្ខីភាព ទីក្រុងភ្នំពេញ បានក្លាយទៅជាទីក្រុងពាណិជ្ជកម្មយ៉ាងទំនើប។ 

លោក វ៉ាង យី ក៏បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ជូនចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានទទួលការគាំទ្រពីប្រជាជនលើស ៨០%។

លោកបានថ្លែងថា ប្រទេសជាច្រើន បានមកសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជា ហើយបានឃើញថា ការបោះឆ្នោតដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ គឺប្រកបដោយយុត្តិធម៌ តម្លាភាព និងស្របច្បាប់ ដោយប្រជាជនជាង ៨០% ទៅបោះឆ្នោត នោះសរបញ្ជាក់ឲ្យឃើញថា ប្រជាជនកម្ពុជា បានប្រើប្រាស់សិទ្ធិពេញលេញ ខណៈប្រជាជនជាង ៨០% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយសារប្រជាជនកម្ពុជា បានគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យដឹកនាំប្រទេសបន្តទៀត។ ការទទួលបានការទុកចិត្តពីប្រជាជននេះ ជាកត្តាសំខាន់បំផុត។

ក្នុងន័យនេះ លោក វ៉ាង យី បានគោរពសម្ដែងការអបអរសាទរជូនចំពោះសម្ដេចតេជោ ហើយបានបញ្ជាក់ជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជានាពេលនេះ ដើម្បីបញ្ជាក់ថា ចិន គាំទ្រកម្ពុជា ហើយមានជំនឿថា ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន និងរីកចម្រើនឡើងកាន់តែធំធាត់ថែមទៀត ហើយជាពិសេស កម្ពុជា និងកាន់តែមានភាពរុងរឿងឡើងថែមទៀត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោក វ៉ាង យី ដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខអំពីប្រធានាធិបតីចិនលោក ស៊ី ជិនពីង, នាយករដ្ឋមន្ត្រីចិន លោក លី ជាំង និងថ្នាក់ដឹកនាំចិនដទៃទៀត។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះលោក វ៉ាង យី ផងដែរ នៅពាក្យពេចន៍ដ៏ល្អ និងជាពិសេសការគាំទ្ររបស់មិត្តចិន។ សម្ដេចតេជោ បានថ្លែងថា ប្រជាជនកម្ពុជា បានដឹងជាមុនថា នឹងមានការផ្លាស់ប្ដូរមុនពេលបោះឆ្នោត ហើយការគាំទ្ររហូតដល់ទៅ ៨៤% គឺជាការអបអរសាទរ៕