(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ដើម្បីពង្រឹងប្រព័ន្ធអប់រំប្រកបដោយស្តង់ដារ បច្ចុប្បន្នក្រសួងកំពុងធ្វើសម្រាប់សាលារៀន គ្រូបង្រៀន និងនាយកសាលារៀន ដោយក្នុងនោះនិងបន្តពង្រឹង និងអភិវឌ្ឍប្រព័ន្ធអប់រំឱ្យកាន់តែរឹងមាំ មានភាពបុរេសកម្ម ទំនើបកម្ម និងឆ្លើយតបទៅនឹងបរិការណ៍ជាតិ និងអន្តរជាតិ។
លើកឡើងនាឱកាសអញ្ជើញបើកបវេសនកាលកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ទៀតថា ការធានាបាននូវសេវាអប់រំដែលមានប្រសិទ្ធភាព និងគុណភាពប្រកបដោយសមធម៌ បរិយប័ន្ន ព្រមទាំងលើកកម្ពស់ឱកាសក្នុងការសិក្សាពេលមួយជីវិតសម្រាប់ទាំងអស់គ្នា យើងត្រូវតែខិតខំរិះរកវិធានការដែលកាន់តែមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សនៅគ្រប់កម្រិត។
លោកបណ្ឌិតសភាចារ្យ បានបន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា បានបន្តអភិវឌ្ឍសមត្ថភាពស្ថាប័ន និងមន្ត្រីអប់រំឱ្យបានពេញលេញ មានភាពរស់រវើក និងប្រទាក់ក្រឡាគ្នា តាមរយៈធានាភាពស័ក្តិសិទ្ធិនៃភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ រួមទាំងការកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ការលើកកម្ពស់ប្រសិទ្ធភាពហិរញ្ញប្បទានសហប្រតិបត្តិការ ការកសាងគោលនយោបាយ និងផែនការអប់រំ និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំសម្រាប់បុគ្គលិកអប់រំ និងគ្រូបង្រៀន និងលើកកម្ពស់គុណវុឌ្ឍិ និងសមត្ថភាពឌីជីថលដល់គ្រូបង្រៀន តាមរយៈការបញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាទៅក្នុងការបង្រៀន និងរៀនឱ្យបានគ្រប់ជ្រុងជ្រោយ។
ជាចក្ខុវិស័យឆ្នាំ ២០៣០ និង ២០៥០ ដែលជាទិសដៅកំណត់ដោយរាជរដ្ឋាភិបាល ក្នុងនោះវិស័យអប់រំបានយកចក្ខុវិស័យនេះ ជាកម្លាំងជំរុញការងារកំណែទម្រង់សម្រាប់វិស័យអប់រំ។ អ្វីដែលយើងត្រូវធ្វើរួមគ្នាគឺការធានាឱ្យបានលំហូរសិស្សពីភូមិសិក្សាមួយទៅភូមិសិក្សាមួយទាំងបរិមាណ និងគុណភាពស្របទៅតាមក្រុមគោលដៅអភិវឌ្ឈប្រកបដោយចីរភាព, ត្រូវបំពាក់ដល់សិស្សគ្រប់កម្រិតនូវបំណិនដែលពួកគេត្រូវការសម្រាប់សតវត្សទី២១ តាមរយៈការធានាឱ្យបានថាគ្រឹះស្ថានសិក្សាផ្តល់នូវសេវាអប់រំមួយដែលមានគុណភាពស្តង់ដាតំបន់ និងអន្តរជាតិ។ នេះជាការលើកគើងរបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
ទាក់ទងកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀននេះ លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើកឡើងថា ចំពោះគម្រោងកែលម្អការអប់រំចំណេះទូទៅពីឆ្នាំ២០២២ ដល់ ២០២៦ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងពង្រីកការបណ្តុះបណ្តាលដល់សាលាគោលដៅសរុបចំនួន ១ ៧០០សាលា មានអ្នកសិក្សាសរុបរហូតដល់ជិត ១៥ ពាន់នាក់ មកចំនួន៣ អនុវិស័យ គឺអនុវិស័យអប់រំកុមារតូច បឋមសិក្សា និងមធ្យមសិក្សា។
លោក ឡោ ឆវណ្ណា ប្រធានគម្រោងកែលម្អការអប់រំចំណេះទូទៅ បានឱ្យដឹងដែរថា កម្មវិធីសិក្សា និងការរៀនតាមរយៈអនុវត្តកិច្ចការជាគម្រោងក្នុងទម្រង់ជាកម្មវិធីវិនិយោគផ្សាភ្ជាប់ជាមួយបំណិនរកចំណូល និងបានចងក្រងជាបណ្តុំឯកសារពីឧត្តមានុវត្តន៍នានាពីការបណ្តុះបណ្តាល ក៏ដូចជាបង្កើតបណ្តាញនៃអ្នកអនុវត្តឧត្តមានុវត្តន៍ជាក់ស្តែង ដើម្បីជាធនធានសម្រាប់ចែករំលែកដល់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូទាំងអស់ដើម្បីប្រើប្រាស់តាមតម្រូវការជាក់ស្តែង។
លោក ឡោ ឆវណ្ណា ក៏បានថ្លែងអំណរគុណដល់លោកបណ្ឌិតសាភាចារ្យរដ្ឋមន្ត្រី លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដែលមានការជឿជាក់លើសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងការបណ្តុះបណ្តាលវិក្រឹតការលោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលារៀន និងលោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ ការិយាល័យអប់រំ និងគ្រូឧទ្ទេសពីគ្រឹះស្ថាននានាដែលជាអ្នកសិក្សា។
នាឱកាសនោះអ្នកសិក្សាដែលជាគ្រូបង្រៀន និងជាគណៈគ្រប់គ្រងសាលារៀន មកពីសាលាទាំង ១ ៧០០ទាំងនេះ បានប្តេជ្ញាចិត្ត ធ្វើឱ្យសាលារបស់អ្នកសិក្សាទាំងអស់ សម្រេចបានស្តង់ដាសាលារៀន មានប្រសិទ្ធភាពដូចកំណត់ដោយគម្រោង និងក្រសួងអប់រំ យុវជន និងកីឡា៕