(កំពត)៖ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) ដឹកនាំដោយលោកទន្តបណ្ឌិត ហ៊ ស៊ីផាន បាននាំយកគ្រឿងសំភារបរិក្ខាពេទ្យ ប្រមាណជិត១០មុខ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី មកប្រគល់ជូនរដ្ឋបាលខេត្តកំពត ដើម្បីចាត់ចែងប្រើប្រាស់នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពក្នុងខេត្ត។ ពិធីប្រគល់នេះ បានធ្វើឡើងនៅសាលាខេត្តកំពត។

លោកទន្តបណ្ឌិត ហ៊ ស៊ីផាន តំណាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី ជូនដល់លោកអភិបាលខេត្ត ក៏ដូចជាថ្នាក់ដឹកនាំខេត្ត ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងខេត្តកំពត។

លោកទន្តបណ្ឌិត បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ អំពីការផ្តល់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋ និងគិតពីសុវត្តិភាពអ្នកជំងឺ លោកកិត្តិទេសាភិបាលបណ្ឌិត និងលោកស្រី តែងតែផ្តោតសំខាន់លើការប្រើប្រាស់សម្ភារ និងគ្រឿងបរិក្ខាដែលបំរើដល់វិស័យសុខាភិបាល ធ្វើយ៉ាងណាឱ្យមានគុណភាព និងមានសុវត្តិភាពខ្ពស់ ហើយលោកទាំងពីរតែងតែបានផ្តល់នូវសំភារបរិក្ខាពេទ្យ ជូនដល់រដ្ឋបាលរាជធានី-ខេត្ត នៅទូទាំងប្រទេស។

នាឱកាសនោះដែរ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត តំណាងឲ្យថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក្នុងខេត្តកំពត បានសំដែងនូវទឹកចិត្តសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេក ដល់ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី ដែលបានយកចិត្តទុកដាក់ និងគិតគូខ្ពស់អំពីសុខមាសភាពរបស់ប្រពលរដ្ឋនៅទូទាំងប្រទេស ហើយបានផ្តល់នូវសម្ភារៈបរិក្ខាពេទ្យសម្រាប់បំរើដល់ការព្យាបាល និងថែរក្សាសុខភាពប្រជាពលរដ្ឋក្នុងខេត្តកំពតនាពេលនេះ។

លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ការផ្តល់នូវសម្ភារបរិក្ខាពេទ្យ របស់លោកកិត្តិទេសាភិបាលបណ្ឌិត និងលោកស្រី នាពេលនេះ គឺបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពី ការយកចិត្តទុកដាក់ក្នុងការគិតគូពីសុខមាលភាពរបស់ប្រជាជន និងសុខទុក្ខរបស់ប្រជាជនពីសំណាក់លោកកិត្តិទេសាភិបាលបណ្ឌិត និងលោកស្រី។

លោកអភិបាលខេត្ត បានបន្តថា ក្រោយពីទទួលបានសម្ភារបរិក្ខាពេទ្យនេះហើយ រដ្ឋបាលខេត្តនឹងធ្វើការបែងចែកសម្ភារបរិក្ខាទាំងអស់នោះ ទៅកាន់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនៅតាមបណ្តាក្រុង-ស្រុកទាំងអស់ក្នុងខេត្ត ដើម្បីប្រើប្រាស់ទៅតាមតម្រូវការ។

សម្ភារៈដែលប្រគល់ជូននាពេលនេះ រួមមាន៖ សម្ភារថែទាំអ្នកជំងឺ, សម្ភារជំនួយមន្ទីរពិសោធន៍, សម្ភារជំនួយវះកាត់, សម្ភារជំនួយផ្លូវដង្ហើម, សម្ភារបរិក្ខារផ្សេងៗ ចំនួន ២០០ប្រអប់, អាវពេទ្យ ចំនួន ២,៤០០អាវ, ខ្នើយកើយ ចំនួន ១០០, ស្រោមដៃ ចំនួន ២៥,០០០, អាវអ្នកជំងឺ ចំនួន ៣,០០០អាវ, អាវកំរិត២ ចំនួន៧,៥០០អាវ, ជើងរៀនដើរ ចំនួន ១២០ និងគ្រែពិនិត្យរោគស្ត្រី ចំនួន ១ផងដែរ៕