(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជួបសំណេះសំណាលជាមួយកុមារកំព្រា នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀង នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣។

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានខិតខំចិញ្ចឹម ថែទាំកុមារ និងបានបញ្ជូនពួកគេឲ្យចូលសាលារៀនសូត្រដូចកុមារដទៃទៀត នេះជាការយកចិត្តទុកដាក់ ក្នុងការមើលថែទាំកុមារឲ្យមានសុខភាពល្អ និងមានការអប់រំ មានសីលធម៌ក្នុងការរស់នៅ ស្របតាមអានុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដោយទុកឲ្យអ្នកណានៅកំព្រាំឯកោនោះទេ ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើដល់ក្មួយៗកុមារកំព្រាទាំងអស់ ត្រូវស្តាប់តាមការអប់រំរបស់លោកគ្រូ អ្នកគ្រូ និងខិតខំសិក្សារៀនសូត្រឲ្យមានចំណេះដឹង ចំណេះធ្វើ ក្លាយខ្លួនជាកូនល្អ កុមារល្អ ពលរដ្ឋល្អ នៅពេលក្មួយៗចេញពីមណ្ឌលកុមារកំព្រា ក្មួយៗអាចរកការ ងារធ្វើបានល្អ ដើម្បីចិញ្ចឹមជីវិត ។

ក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិតបានប្រគល់ជូនដល់គណៈគ្រប់គ្រងមណ្ឌល រួមមាន ៖ មី ៥កេស ទឹកសុទ្ធ ៥កេស ទឹកត្រី ៥យួរ ទឹកស៉ីអ៉ីវ ៥យួរ ទឹកម្ទេស ២កេស អង្ករ ១០០គីឡូក្រាម ទឹកផ្លែឈើ ១០កេស និងថវិកា ៣លានរៀល ជូន លោកគ្រូ អ្នកគ្រូ ៨នាក់ ក្នុងម្នាក់ៗថវិកា ១៥ម៉ឺនរៀល កុមារកំព្រា ៣៦នាក់ ក្នុងម្នាក់ៗទទួលបាន កាតាបកូនសិស្សមួយឃីត និងថវិកា ៧ម៉ឺនរៀល៕