(អង់គ្លេស)៖ ធនាគារអង់គ្លេស (Bank of England) បានកាត់បន្ថយអត្រាការប្រាក់ពី ០.៥ភាគរយ មកនៅត្រឹម ០.២៥ភាគរយ ដែលនេះជាការកាត់បន្ថយការប្រាក់លើកដំបូងបំផុតក្នុងរយៈពេល ៧ឆ្នាំចុងក្រោយ ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុ ឆ្នាំ២០០៩។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅមុននេះបន្តិច។
នៅក្នុងសេចក្ដីប្រកាសរបស់ធនាគារអង់គ្លេស បានឲ្យដឹងថា ដើម្បីបន្ធូរបន្ថយនូវវិបត្តិហិរញ្ញវត្ថុ ដែលមានចាប់តាំងពីឆ្នាំ ២០០៩មក ក៏ជាដោះស្រាយនូវបញ្ហាសេដ្ឋកិច្ច ក្រោយពេលអង់គ្លេសបោះឆ្នោតប្រជាមតិចាកចេញពីសហភាពអឺរ៉ុបផងនោះ ធនាគារអង់គ្លេស បានសម្រេចទិញមូលបត្របំណុលរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស ក្នុងតម្លៃ ៦០ពាន់លានផោន និងមូលបត្របំណុលសាជីវកម្ម ចំនួន ១០ពាន់លានផោន។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២៣ ខែមិថុនាកន្លងទៅនេះ អង់គ្លេសបានបោះឆ្នោតប្រជាមតិចាកចេញពីសហភាពអឺរ៉ុប ដោយជាលទ្ធផល សំឡេងគាំទ្រចាកចេញមានចំនួនច្រើន ដូច្នេះហើយអង់គ្លេសក៏សម្រេចចាកចេញពីសហភាពអឺរ៉ុប ដោយក្នុងនោះ អ្នកវិភាគបានលើកឡើងថា អង់គ្លេសអាចនឹងជួបវិបត្តិជាច្រើនក្រោយពីចាកចេញ៕