(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ បានប្រកាសច្រានចោល ចំពោះអ្នកយកឈ្មោះ ជាជំនួយការ និងជាកូនធម៌ របស់លោក ដើរប្រព្រឹត្តអំពើល្មើសច្បាប់។
នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់ថា «កន្លងមកនេះ មានជនទុច្ចរិតមួយចំនួន បានយកឈ្មោះ ជាជំនួយការ ជាកូនធ៌ម របស់ខ្ញុំបាទ ដើរប្រព្រឹត្តអំពើល្មើសច្បាប់ បង្កឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសរបស់ខ្ញុំបាទផ្ទាល់ ក៏ដូចជាកិត្តិយសរបស់អគ្គស្នងការនគរបាលជាតិ»។
នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ សូមប្រកាសបដិសេធ និងសំណូមពរដល់ សមត្ថកិច្ច អាជ្ញាធរដែនដី គ្រប់ជាន់ថ្នាក់ មេត្តាពិនិត្យ និងអនុវត្តន៍តាមច្បាប់រាល់បទល្មើសរបស់ជនទាំងនោះ។
នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ ត្រៀមខ្លួនជាស្រេចដោយក្ដីរីករាយ ដើម្បីទទួលកិច្ចសហការផ្ដល់ព័ត៌មានពីសាធារណៈជនគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធករណីខាងលើនេះ តាមទូរស័ព្ទដែលមាន៖ ០១២ ៩៣៥៩៣៧ និង០៩៧ ៨៩ ៣៥៩៣៧៕