(ភ្នំពេញ)៖ គម្រោងវិនិយោគរួម (Collective Investment Scheme) គឺជាផលិតផលហិរញ្ញវត្ថុមួយ ដែលត្រូវបានបង្កើតឡើង បន្ថែមពីលើផលិតផលហិរញ្ញវត្ថុ ក្នុងទីផ្សារមូលបត្រដែលមានស្រាប់ ដើម្បីផ្តល់ជំរើសវិនិយោគដ៏សម្បូរបែបដល់វិនិយោគិន។

តាមរយៈគម្រោងវិនិយោគរួមនេះ វិនិយោគិនដែលមានសាច់ប្រាក់តិចតួច ក៏អាចចូលរួមក្នុងការវិនិយោគលើគម្រោងធំៗ ដែលមានដូចជាការសាងសង់អគារពាណិជ្ជកម្ម អគារស្នាក់នៅ ឬគម្រោងផ្សេងទៀតបានផងដែរ។

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកអគ្គនាយកនិយតករមូលបត្រកម្ពុជា បានបញ្ជាក់ថា គម្រោងវិនិយោគរួម គឺជាគម្រោងវិនិយោគមួយ ដែលទាមទារឱ្យមានការចូលរួមពីសាធារណជន ដើម្បីប្រមូលសាច់ប្រាក់រួមគ្នា អភិវឌ្ឍន៍លើគម្រោងមួយ ដែលមានសក្តានុពល និងទទួលបានផលចំណេញត្រឡប់មកវិញ។

លោកបានពន្យល់ថា ដើម្បីបោះផ្សាយលក់ឯកតាគម្រោងវិនិយោគរួម គឺត្រូវធ្វើឡើងតាមរយៈក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ដែលទទួលបានអាជ្ញាបណ្ណ ពីនិយតករមូលបត្រកម្ពុជា។ ចំណែកគម្រោងដែលត្រូវឱ្យសាធារណជន ចូលរួមវិនិយោគនោះ ត្រូវតែយកមកចុះបញ្ជីនៅ និយតករមូលបត្រកម្ពុជាដូចគ្នា ទើបអាចបោះផ្សាយដាក់លក់ជាសាធារណៈបាន។
ការដាក់លក់ជាសាធារណៈនេះ គឺមិនមែនលក់ភាគហ៊ុននោះទេ គឺជាការលក់ឯកតាមូលនិធិ ពោលគឺកញ្ចប់មូលនិធិ ដែលគេយកមកអង្កន់ឬចែកជាតូចៗ ដែលមានតម្លៃអាចចាប់ពី ១ដុល្លារឬលើសនេះ។

លោកបន្ថែមថា «ឧទាហរណ៍ក្នុងការវិនិយោគគម្រោងមួយ ត្រូវការលុយជាកញ្ចប់១០លានដុល្លារ ។ បើយើងយក ១០លានដុល្លារ ទៅបែងចែកម្នាក់ ១លានដុល្លារប្រហែលជាគ្មានអ្នកទិញទេ ប៉ុន្តែប្រសិនបើយក ១០លានដុល្លារ នោះមកអង្កន់ជាតូចៗ ឱ្យក្លាយជាឯកតាដែលមានតម្លៃត្រឹមតែ ១ដុល្លារ អាចនឹងមានអ្នកចាប់អារម្មណ៍ចូលរួមវិនិយោគច្រើន»

លោកបានពន្យល់បន្តថា «អ្នកវិនិយោគអាចស្រាក់គ្នា ដើម្បីបង្កើតទៅជាគម្រោងនេះ។ ប៉ុន្តែដើម្បីធានាឱ្យគម្រោងនេះ ប្រព្រឹត្តិទៅដោយរលូន និងគ្រប់គ្រងដោយបទបញ្ញត្តិជាធរមាន និយតករមូលបត្រកម្ពុជា បានដាក់ចេញនូវប្រកាស ស្តីពីការបោះផ្សាយ។ ការបោះផ្សាយនេះមិនខុសពីការបោះផ្សាយភាគហ៊ុន ឬសញ្ញាបណ្ណទេ មានន័យថា ក្រុមដែលមាននូវគម្រោងវិនិយោគដ៏មានសក្តានុពល អាចពិភាក្សាអាចពិនិត្យជាមួយ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ដែលទទួលបាននូវអាជ្ញាបណ្ណពីនិយ័តករកម្ពុជា ដើម្បីឱ្យក្រុមហ៊ុនមូលនិធិនេះ ជួយរៀបចំនូវរចនាសម្ព័ន្ធការគ្រប់គ្រងមួយ អាចចាប់ផ្តើមអនុវត្តប្រមូលសាច់ប្រាក់ ពីអ្នកវិនិយោគ»

បើតាមលោក ស៊ូ សុជាតិ មកដល់ពេលនេះ និយតករមូលបត្រកម្ពុជា បានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនចំនួន១០ហើយ និងមានក្រុមហ៊ុនចំនួន ២បានដាក់ពាក្យចុះបញ្ជីគម្រោងវិនិយោគ។

យោងទៅតាមប្រកាស ស្តីពីការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម បានកំណត់ឱ្យមានតួអង្គសំខាន់ៗមួយចំនួន ដែលមានតួនាទី និងភារកិច្ចខុសៗគ្នា ដើម្បីធានានូវសុវត្ថិភាព និងតម្លាភាព ក្នុងដំណើរការអាជីវកម្មគម្រោងវិនិយោគរួមទាំងមូល។

ក្នុងដំណើរការអាជីវកម្មគម្រោងវិនិយោគរួមនេះ ជាដំបូងវិនិយោគិនអាចទិញ នូវឯកតាមូលនិធិ ដែលបោះផ្សាយលក់ពីក្រុមហ៊ុនគ្រប់គ្រងមូលនិធិផ្ទាល់ ឬក៏ពីក្រុមហ៊ុនចែកចាយ ទិញត្រលប់មកវិញ ឬទូទាត់សង (Distribution Company)។ ហើយក្នុងនោះ ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស (Trustee) ជាអ្នកគ្រប់គ្រង និងថែរក្សានូវសាច់ប្រាក់ ដែលប្រមូលបានពីការទិញឯកតាមូលនិធិរបស់វិនិយោគិន។

បន្ទាប់មកក្រុមហ៊ុនគ្រប់គ្រងមូលនិធិ យកទឹកប្រាក់ដែលប្រមូលបាននោះ ទៅវិនិយោគបន្តលើគម្រោងវិនិយោគមួយ ឬច្រើន ដែលខ្លួនគិតថាអាចទទួលបានផលចំណេញ ហើយបែងចែកផលចំណេញនោះ ទៅឱ្យវិនិយោគិនវិញ តាមគោលការណ៍ដែលបានព្រមព្រៀងគ្នា រវាងក្រុមហ៊ុនគ្រប់គ្រងមូលនិធិ និងវិនិយោគិន។

វិនិយោគិន ក៏មានឱកាសទទួលបាននូវផលចំណេញ ពីការឡើងថ្លៃនៃឯកតាមូលនិធិដែលខ្លួនបានទិញផងដែរ ព្រោះតម្លៃរបស់ឯកតាមូលនិធិប្រែប្រួល ពីមួយថ្ងៃទៅមួយថ្ងៃ ហើយតម្លៃនេះ អាចត្រូវបានកំណត់ដោយក្រុមហ៊ុនអភិបាលមូលនិធិ (Fund Administrator)៕

សូមស្តាប់ការពន្យល់បន្ថែមរបស់លោក ស៊ូ សុជាតិ៖