(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្ដព្រះសីហនុ បានបើកប្រតិបត្ដិការបង្ក្រាបករណីចាប់ជំរិត រវាងជនជាតិចិន ទារប្រាក់១លានដុល្លារ ដោយជនដៃដល់២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ខណៈជនរងគ្រោះម្នាក់ ត្រូវបានជួយសង្គ្រោះ។ នេះបើតាមការបញ្ជាក់ របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៦៖០០នាទីព្រឹក មានប្រជាពលរដ្ឋបានប្តឹងរាយការណ៍មកថា នៅចំណុច ម្តុំពយកំពេញចាស់ ស្ថិតក្នុងក្រុមទី១ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានក្រុមសង្ស័យមានគ្នា២នាក់ ជាជនជាតិចិន បានធ្វើសកម្មភាពចាប់ជំរិត បុរសជនជាតិចិន ១នាក់ ចូលក្នុងរថយន្ត។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់អត្តសញ្ញាណរថយន្ត ដែលជនសង្ស័យជិះធ្វើសកម្មភាព ភ្លាមនោះកម្លាំងជំនាញ បានធ្វើការជិះដេញតាមរថយន្តរបស់ជនសង្ស័យ លុះដល់ចំណុច ស្ថានីយ៍ប្រេង សូគីមិច ផ្សារលើ ស្ថិតក្នុង ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រថយន្តរបស់ជនសង្ស័យបានបើកទៅបុកម៉ូតូរបស់ប្រជាពលរដ្ឋកំពុងបើកបរ បណ្តាលឲ្យរងរបួសបុរសម្នាក់។

បន្ទាប់មក រថយន្តរបស់ជនសង្ស័យបានបន្តបើករត់គេចខ្លួនទៀត លុះដល់ចំណុច មុខផ្សារលើ ស្ថិតក្នុង ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រថយន្តរបស់ជនសង្ស័យ បានបន្តបុករថយន្ត១គ្រឿងទៀត ម៉ាក Lexus 570 ពណ៌ស បណ្តាលឲ្យខូចខាតគូថរថយន្ត ហើយកម្លាំងសមត្ថកិច្ច ធ្វើការស្ទាក់រថយន្តរបស់ជនសង្ស័យបាន។

ភ្លាមនោះ ជនសង្ស័យ២នាក់បានចុះពីរថយន្ត រត់គេចខ្លួនចែកផ្លូវគ្នា ដោយមាន១នាក់សៀតអាវុធខ្លី១ដើម នៅចង្កេះរត់ចូលក្នុងផ្សារ និង១នាក់ទៀតក្នុងដៃមានកាន់កូនកាំបិតចុងស្រួច១ដើម រត់ទៅតាមផ្លូវគៀនផ្សារ ពេលនោះ កម្លាំងសមត្ថកិច្ច បានដេញប្រផាប់ចាប់ប្រភីង រហូតចាប់ឃាត់ខ្លួនបានជនសង្ស័យ១នាក់ដែលមានអាវុធខ្លី ចំណែកជនសង្ស័យ១នាក់ទៀត ដែលកាន់កូនកាំបិតចុងស្រួច បានយកកូនកាំបិតចុងស្រួចមកដេញចាក់លើសមត្ថកិច្ច។

ភ្លាមនោះកម្លាំងសមត្ថកិច្ច បានធ្វើការផ្ទុះអាវុធ២គ្រាប់ទៅលើដីដើម្បីគំរាមជនសង្ស័យ តែគ្រាប់បានផ្លាតទៅចំនឹងជើងខាងឆ្វេងរបស់ជនសង្ស័យ បន្ទាប់មក កម្លាំងសមត្ថកិច្ច បាននាំជនរងគ្រោះ ១នាក់ ភេទប្រុស ជនជាតិចិន (រងរបួសកធ្ងន់ធ្ងរ) និងជនសង្ស័យ១នាក់ ភេទប្រុស ជនជាតចិន (រងរបួសជើង) ទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីព្យាបាលរបួស ។

ជនរងគ្រោះចំនួន ០១នាក់ ភេទប្រុស ជនជាតិចិន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ រងរបួស ក ធ្ងន់ធ្ងរ។ ជនសង្ស័យចំនួន ០២នាក់ ភេទប្រុស ជនជាតិចិន មាន១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ)។

សម្ភារវត្ថុតាងចាប់យកបាន៖ -រថយន្ត ១គ្រឿង ម៉ាក Mercedes C300 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា KLK.9898 ។ (ជាមធ្យោបាយជិះធ្វើសកម្មភាព), -អាវុធខ្លី ១ដើម ម៉ាក K59 ពណ៌ខ្មៅ លេខសម្គាល់គ្មាន (បង់ ១ មាន ៣គ្រាប់), (អាវុធធ្វើសកម្មភាពភ្ជុងជនរងគ្រោះ), -កូនកាំបិតចុងស្រួច ០១ដើម (មានប្រឡាក់ឈាមរបស់ជនរងគ្រោះ), -ទូរស័ព្ទដៃ ២គ្រឿង, -លិខិតឆ្លងដែន ២ក្បាល, -កាតរឹង ២សន្លឹក, -កាបូបក្រវាត់ចង្កេះ ១, -នាឡិកាដៃ ២គ្រឿង, -ខ្សែ ១ខ្សែ។

បច្ចុប្បន្នករណីខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងសួរនាំជនសង្ស័យ៕