(កំពង់ចាម)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះសូទិន និងលោកស្រី ខៀវ ទេពរង្សី កាញារីទ្ធ ប្រធាន កិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន បានចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំភូមិ-ឃុំ និងប្រគល់សមិទ្ធផលជូនប្រជាពលរដ្ឋ នៅភូមិរកាកោងជើង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣។

លោក រស់ ឃីម មេឃុំមហាលាភ ស្រុកកោះសូទិន បានជម្រាបជូនពីសភាពការណ៍វិវឌ្ឍន៍រួមនៅទូទាំងឃុំ រួមទាំងសមិទ្ធិផលនានាដែលសម្រេចបានក្នុងរយៈពេលកន្លងមក ពិសេសការរីកចម្រើនរបស់ឃុំ គឺតែងតែមានការចួលរួមគាំទ្រទាំងស្មារតី សំភារ និងថវិកាពីលោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកស្រី រួមទាំងក្រុមការងារចុះជួយឃុំមហាលាភ។

លោកមេឃុំមហាលាភ ក្នុងនាមប្រជាពលរដ្ឋទាំង២គ្រួសារដែលទទួលបានផ្ទះម្នាក់១ខ្នង ដែលផ្តល់ជាថវិកាសាងសង់ដោយលោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកស្រី។ ជាមួយនេះ លោករដ្ឋមន្ត្រី និងលោកស្រី ក៏បានជួយដល់ប្រជាពលរដ្ឋ និងកុមារដែលជួបបញ្ហាក្នុងជីវភាពរស់នៅ និងជួបបញ្ហាសុខភាព។

បន្ទាប់ពីលោក យី វណ្ណៈ អភិបាលស្រុកកោះសូទិន ធ្វើរបាយការណ៍ជម្រាបជូនពីសមិទ្ធផលដែលស្រុកសម្រេចបានក្នុងរយៈពេល១អាណត្តិកន្លងមកនេះរួចមក លោកស្រី ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាក្រុមការងារចុះជួយឃុំមហាលាភ បានជម្រាបជូនពីដំណើររៀបចំសាងសង់ផ្ទះទាំង២ខ្នងជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតទាំង២គ្រួសារ ក្នុងភូមិរការកោងជើង និងការជួយឧបត្តម្ភដល់អ្នកជួបបញ្ហាក្នុងជីវភាពរស់នៅប្រចាំថ្ងៃរួចមក លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលើកឡើងនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជូនចំពោះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋទាំងអស់នៅទូទាំងស្រុកកោះសូទិន និងបានអរគុណដែលប្រជាពលរដ្ឋទាំងអស់ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ ដែលប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែកក្កដា កន្លងមកនេះ។

លោករដ្ឋមន្រ្តីបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារចុះជួយឃុំមហាលាភ ដែលបានប្រឹងប្រែងបំពេញការងារ និងចុះមកជួយដល់ដំណើរការអភិវឌ្ឍភូមិ ឃុំ មានការរីកចម្រើនប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ។

លោកបានជម្រាបពីគម្រោងរបស់ក្រុមគ្រូពេទ្យបរទេសដែលនឹងមកធ្វើការព្យាបាលភ្នែកជូនប្រជាពលរដ្ឋក្នុងស្រុកកោះសូទិន តាមរយៈក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ខៀវ កាញារីទ្ធ បានពិនិត្យរួចរាល់ហើយ នៅចាំតែពេលក្រុមគ្រូពេទ្យមកពីក្រៅប្រទេសមកបកភ្នែកឡើងបាយ និងកាត់កន្ទុយថ្លែនក្នុងភ្នែក។ ចំពោះថ្លៃស្នាក់នៅ ការធ្វើដំណើរពីស្រុកកោះសូទិនមកភ្នំពេញរបស់ប្រជាពលរដ្ឋមកព្យាបាលភ្នែក គឺជាការចេញចំណាយដោយលោក ខៀវ កាញារីទ្ធ និងលោកស្រី។

ក្នុងឱកាសនេះដែរ លោក ខៀវ កាញារីទ្ធ និងលោកស្រី ខៀវ ទេពរង្សុី កាញារីទ្ធ បានផ្តល់ថវិកាក្នុង១ភូមិ ចំនួន១,០០០ដុល្លាជាការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំភូមិ មហាលាភជើង ចុងព្រែក រការកោងជើង រការកោងត្បូង ជ្រោយបាសិត ភូមិព្រែក និងភូមិរដ្ឋមុន្នី ដែលបានប្រឹងប្រែងបំពេញកិច្ចការងារបានយ៉ាងល្អ។

ជាមួយនេះក៏បានផ្តល់ថវិកាដល់ក្រុមការងារតាមបណ្តាភូមិទាំងអស់ក្នុងឃុំមហាលាភ ដោយក្នុង១ភូមិ ២លានរៀលសម្រាប់រៀបចំកម្មវិធីជប់លៀង។ មេឃុំ ក្រុមប្រឹក្សាឃុំមហាលាភចំនួន៥នាក់ ស្មៀនម្នាក់ ជំនួយការ២នាក់ ក្នុងម្នាក់ អង្ករ៥០គីឡូ និងថវិកា១០មុឺនរៀល។ នគរបាលឃុំ៨នាក់ ក្នុងម្នាក់ៗអង្ករ៥០គីឡូ និងថវិកា១០មុឺនរៀល។ ជាមួយនេះ មានឃោសនិកលេចធ្លោ២នាក់ ទទួលបានអង្ករ៥០គីឡូ និងថវិកា១០មុឺនរៀល។ ចំពោះប្រជាពលរដ្ឋ២គ្រួសារ ដែលទទួលបានផ្ទះ១ខ្នងម្នាក់រួចហើយនេះដែរ លោក ខៀវ កាញារីទ្ធ និងលោកស្រី ក៏បានទិញគ្រែ១បំពាក់ភ្លើងសូឡា និងធុងសម្រាប់ដាក់ទឹកថែមទៀតផងដែរ៕