(ព្រះសីហនុ)៖ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ក្នុងខេត្តព្រះសីហនុ បានបញ្ចប់ការសាងសង់ជាស្ថាពរហើយ ដោយបានរៀបចំដាក់ឱ្យប្រើប្រាស់ដើម្បីរក្សាបរិស្ថាន និងគុណភាពទឹកសមុទ្រ នៅខេត្តព្រះសីហនុ។ នេះបើតាមសេចក្តីប្រកាសរបស់ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ. ឆ. ក.)។
កាលពីថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធាន គ.អ. ឆ. ក. រួមជាមួយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គ. អ. ឆ. ក. លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធាន គ.អ. ឆក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាសមាជិក គ.អ. ឆ.ក លោក គួច ចំរើន អភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធដែលជាសមាជិក គ. អ. ឆ. ក. ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីជំនាញនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន បានចុះ ពិនិត្យស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ក្នុងខេត្តព្រះសីហនុ។
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ត្រូវបានបើកការដ្ឋានស្ថាបនាសាងសង់នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងត្រូវបាន សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។ ការសាងសង់ត្រូវបានបញ្ចប់ជាស្ថាពរនៅ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ ដោយប្រើប្រាស់រយៈពេល៦៨៩ថ្ងៃ និងត្រូវបានធ្វើការប្រគល់-ទទួល កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ រវាងគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងរដ្ឋបាលខេត្តព្រះសីហនុ។
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន ២០ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ បន្ថែមពីលើស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន ៥ ២០០ម៉ែត្រគូបក្នុងមួយថ្ងៃ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ ចំនួន ៧ ២០០ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលបាននិងកំពុងដំណើរការ។
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទាំងបីខាងលើ ស្ថាបនាដោយប្រើបច្ចេកវិទ្យាទំនើបចុងក្រោយ Membrane Aerated Biofilm Reactors (MABR) ដែលមានសមត្ថភាពកម្ចាត់ពពួកបាក់តេរីនិងដកយកនូវសារធាតុអាម៉ូញ៉ាក់ (NH3-N) ផូស្វ័រិច (TP) កាបួនឌីអុកស៊ីត (COD) និងសារធាតុពុលផ្សេងៗទៀតចេញរហូតដល់កម្រិតខ្ពស់ និងត្រូវបានទទួលស្គាល់ថា ជាបច្ចេកវិទ្យាមានស្ថិរភាព ប្រសិទ្ធភាព សន្សំសំចៃថាមពលគ្មានសំឡេងរំខាន គ្មានក្លិន ប៉ះពាល់ដល់អ្នករស់នៅជុំវិញ និងរួមចំណែកដល់ការថែរក្សាបរិស្ថាន។
បន្ថែមពីលើស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទាំងបីខាងលើ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានរៀបចំ និងដាក់ឱ្យដំណើរការស្ថានីយបូមទឹកកខ្វក់ចំនួន៤ទីតាំង រួមមាន ស្ថានីយទី១ ស្ថិតនៅឆ្នេរឯករាជ្យមានសមត្ថភាពបូម ៣៦០ម៉ែត្រគូបក្នុងមួយម៉ោង, ស្ថានីយទី២ ស្ថិតនៅអូរសម្ងួត ចន្លោះសណ្ឋាគារសុខា និងសណ្ឋាគារស៊ីណូ មានសមត្ថភាពបូម ៣៦០ម៉ែត្រគូបក្នុងមួយម៉ោង, ស្ថានីយទី៣ ស្ថិតនៅអូរសម្អាត មានសមត្ថភាពបូម ៧២០ម៉ែត្រគូបក្នុងមួយម៉ោង និងស្ថានីយទី៤ ស្ថិតនៅអូរឈើទាល មានសមត្ថភាពបូម ៣៦០ម៉ែត្រគូបក្នុងមួយម៉ោង។
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ និងស្ថានីយបូមទឹកកខ្វក់ទាំងអស់នេះ ត្រូវបានរៀបចំឡើងដើម្បីបញ្ចៀសផ្លូវការបង្ហូរទឹកកខ្វក់ចូលទៅក្នុងសមុទ្រសំដៅរក្សាបាននូវបរិស្ថាន និងគុណភាពទឹកសមុទ្រឱ្យស័ក្តិសមជាឆ្នេរ សមុទ្រដែលស្អាតបំផុតលើសាកលលោក និងជាតារារះនាទិសនិរតី៕