(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ទំនាក់ទំនងការទូត ដែលបានបង្កើតជាមិត្តភាពដែកថែបកម្ពុជា-ចិន ត្រូវបានឆ្លុះបញ្ចាំង តាមរយៈទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងរឹងមាំ ដោយប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្ម ប្រភពទុនវិនិយោគ និងទេសចរធំជាងគេរបស់កម្ពុជា។

ការលើកឡើងរបស់លោក សុខ ចិន្តាសោភា ធ្វើឡើងក្នុងជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិន ដឹកនាំដោយលោក វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយ ប្រធានការិយាល័យគណៈកម្មាធិការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ។

ក្នុងជំនួបនោះ លោក សុខ ចិន្ដាសោភា បានសម្ដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចមកកម្ពុជារបស់លោក វ៉ាង យី ក្នុងគោលដៅពង្រឹង និងពង្រីកបន្ថែមនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដើម្បីទាញយកផលប្រយោជន៍ទៅវិញទៅមក ជាអតិបរមាសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

លោកបានថ្លែងអំណរគុណដល់លោក វ៉ាង យី និងគណៈប្រតិភូ ដែលបានអញ្ជើញមកពិភាក្សាការងារដោយផ្ទាល់ ដែលបានផ្តល់ឱកាសដល់លោកបានជម្រាប ជូនអំពីការវិវត្តសំខាន់ៗនៅកម្ពុជា ពាក់ព័ន្ធនឹងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

លោក សុខ ចិន្តាសោភា បានលើកឡើងពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរដែលមានតាំងពីយូរលង់មកហើយនៅជំនាន់មុន ហើយដែលត្រូវបានពង្រឹង និងលើកកម្ពស់ដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំចិនជាបន្តបន្ទាប់ រហូតសម្រេចបានកម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅឆ្នាំ២០១០។

បន្ថែមពីនេះ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានប្រកាសបើកព្រឹត្តិការណ៍ «ឆ្នាំមិត្តភាព កម្ពុជា-ចិន» ក្នុងឆ្នាំ២០២៣ នេះ ដើម្បីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពឆ្ពោះទៅយុគសម័យថ្មី នៃការកសាងសហគមន៍វាសនារួមគ្នាកម្ពុជា-ចិន  និងបានឯកភាពបង្កើតក្របខណ្ឌ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោហ៊ុន សែន នៅសាធារណរដ្ឋប្រជាមានិតចិន កាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ។

លោក វ៉ាង យី បានអបអរសាទរ ចំពោះការរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារទាំងឡាយ ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាន ជាពិសេសគឺការទទួលបាននូវការបណ្តាក់ទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ពីបរទេស។

លោក វ៉ាង យី ក៏បានរំលេចនូវកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ កម្ពុជា-ចិន តាមរយៈការប្រើប្រាស់នូវយន្តការសម្របសម្រួល កិច្ចសន្ទនាទ្វេភាគី និងការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា ដែលឆ្លើយតបយ៉ាងវិជ្ជមានទៅនឹងក្របខ័ណ្ឌ នៃការអនុវត្តគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ»។

នាឱកាសនោះលោក សុខ ចិន្ដាសោភា និងលោក វ៉ាង យី ក៏បានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនទៀត ដែលជាកង្វល់ និងការផ្តល់ផលប្រយោជន៍រួមផងដែរ។

ជាមួយគ្នានេះ ភាគីទាំងពីរមានជំនឿជឿជាក់ថា ច្បាប់ស្តីពីវិនិយោគថ្មី និងក្របខណ្ឌគតិយុត្តសម្រាប់អនុវត្តច្បាប់នេះដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាស្ថាពរ ក៏ដូចការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងការលើកកម្ពស់ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ នឹងជំរុញឱ្យទំនាក់ទំនងកម្ពុជា-ចិន រឹតតែទទួលបានលទ្ធផលល្អត្រចះត្រចង់បន្ថែមទៀត៕