(ភ្នំពេញ)៖ លោក ពៅ សារ៉េត និងលោក តាំ លីថេង ប្រធាន និងអនុប្រធានគណបក្សភ្លើងទៀន បានសម្រេចចិត្តសុំចូលរួមរស់ជាមួយបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគេមើលឃើញថា បក្សភ្លើងទៀន មិនបានធ្វើកិច្ចការដែលពួកគេចង់បាន។
លោក ពៅ សារ៉េត និងលោក តាំ លីធេង បានចូលរួមធ្វើសកម្មភាពបម្រើគណបក្សប្រឆាំង រួមទាំងបក្សភ្លើងទៀនជាច្រើនឆ្នាំមកហើយ។ ក្នុងវីដេអូឃ្លីបខ្លីមួយ លោក ពៅ សារ៉េត បានអះអាងថា មូលហេតុដែលនាំឱ្យរូបលោក និងលោក តាំ លីថេង ដើរចេញពីបក្សភ្លើងទៀន ក៏ដោយសាររូបមើលឃើញថា បក្សភ្លើងទៀនមិនបានធ្វើសកម្មភាពឱ្យស្របតាមឆន្ទៈរបស់លោក ដើម្បីជាប្រយោជន៍របស់ជាតិ។
លោក ពៅ សារ៉េត បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជា ដែលមានបេសកកម្មច្បាស់លាស់ក្នុងការបម្រើជាតិ និងប្រជាជន ហើយបានកសាងសមិទ្ធផលជាច្រើនទាំងក្របខណ្ឌជាតិ និងក្នុងខេត្តពោធិ៍សាត់។
លោក ពៅ សារ៉េត និងលោក តាំ លីថេង គោរពសូមការអនុគ្រោះពីសម្តេចតេជោប្រធានបក្សប្រជាជនកម្ពុជា ឱ្យពួកលោកបានរួមដំណើរជាមួយបក្សប្រជាជនកម្ពុជា។ ថ្នាក់ដឹកនាំបក្សភ្លើងទៀនក្នុងស្រុកកណ្តៀងទាំងពីររូប សន្យាបម្រើបក្សប្រជាជនកម្ពុជាដោយស្មោះត្រង់ ហើយនឹងប្រឹងប្រែងកៀរគរសកម្មជនបក្សភ្លើងទៀនដទៃទៀត ចូលមករួមរស់ជាមួយបក្សប្រជាជនកម្ពុជា៕