(ភ្នំពេញ)៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានផ្ញើសាររំលែកទុក្ខជូនលោកស្រី នុត សូភី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោក នុត ណារ៉ាង អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានទទួលមរណភាព នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ ក្នុងជន្មាយុ៨៧ឆ្នាំ ដោយរោគាពាធ។
ក្នុងលិខិតរំលែកទុក្ខដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានរៀបរាប់យ៉ាងដូច្នេះថា៖ «ក្នុងនាមខ្ញុំផ្ទាល់ក៏ដូចជាយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល យើងខ្ញុំសូមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងភាពក្តុកក្តួលរំជួលចិត្តយ៉ាងខ្លាំង ជូនចំពោះលោកជំទាវ នុត សូភី ព្រមទាំងក្រុមគ្រួសារអំពីដំណឹងនៃការបាត់បង់ឯកឧត្តម នុត ណារ៉ាង អតីតឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង ត្រូវជាឧត្តមស្វាមីរបស់លោកជំទាវ ដែលបានទទួលអនិច្ចកម្ម កាលពីថ្ងៃពុធ ៨រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់ ឯកឧត្តម នុត ណារ៉ាង គឺការបាត់បង់នូវឧត្តមស្វាមី លោកឪពុក លោកឪពុកក្មេក និងជីតា ជាទីគោរពស្រឡាញ់បំផុតរបស់ក្រុមគ្រួសារ ព្រមទាំងបងប្អូនកូនក្មួយ និងជាអ្នកមានគុណមួយរូបផ្តល់ នូវភាពកក់ក្ដៅក្នុងក្រុមគ្រួសារ ប្រកបទៅដោយព្រហ្មវិហារធម៌សព្វគ្រប់បែបយ៉ាង ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្តនៅក្នុងការបីបាច់ថែរក្សាអប់រំទូន្មាន បុត្រា បុត្រី ចៅ និងក្មួយៗ ឲ្យក្លាយទៅជាពលរដ្ឋល្អដើម្បីចូលរួមគ្រប់សកម្មភាពនៃការអភិវឌ្ឍសង្គម និងបុព្វហេតុសុខសន្តិភាពរបស់ប្រទេសជាតិ។
ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្តជាអនេកនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំយ៉ាងក្រៃលែង និងពោរពេញដោយក្តីសោកស្ដាយស្រណោះអាឡោះអាល័យបំផុត ជាមួយលោកជំទាវ នុត សូភី ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដួងវិញ្ញាណក្ខន្ធ ឯកឧត្តម នុត ណារ៉ាង សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតក្លាយជាបការៈដទៃឡើយ។
សូម លោកជំទាវ នុត សូភី ព្រមទាំងក្រុមគ្រួសារ មេត្តាទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំ និងសេចក្តីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ អំពីយើងខ្ញុំ»៕