(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសាររំលែកទុក្ខជូនលោកស្រី នុត សូភី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោក នុត ណារ៉ាង អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានទទួលមរណភាព នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ ក្នុងជន្មាយុ៨៧ឆ្នាំ ដោយរោគាពាធ។

ក្នុងលិខិតរំលែកទុក្ខដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំ និងភរិយាមានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តម នុត ណារ៉ាង អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង និងជាឯកអគ្គរាជទូតប្រតិភូអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការយូណេស្កូ ត្រូវជាស្វាមីរបស់លោកជំទាវបានទទួលមរណភាព កាលពីវេលាម៉ោង ២១៖០០នាទី យប់ ថ្ងៃពុធ ៨រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមសម្តែងនូវការសោកស្តាយស្រណោះ អាឡោះអាល័យជាទីបំផុតជាមួយលោកជំទាវ ចំពោះការបាត់បង់ឯកឧត្តម នុត ណារ៉ាង ដែលត្រូវជាស្វាមី ឪពុក ឪពុកក្មេក ជីតា ពោរពេញដោយព្រហ្មវិហារធម៌មិនចេះរីងស្ងួត ចំពោះកូនៗ ចៅៗ ជាទីស្រឡាញ់។

មរណភាពរបស់ឯកឧត្តម នុត ណារ៉ាង ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជនមួយរូប ដែលបានលះបង់កម្លាំងកាយ ចិត្ត និងបញ្ញាស្មារតី ក្នុងការចូលរួមចំណែកការពារ ថែរក្សានិងលើកតម្លៃបេតិកភណ្ឌ វប្បធម៌ និងសម្បត្តិវប្បធម៌ជាតិ ដើម្បីអភិវឌ្ឍន៍វិស័យវប្បធម៌ និងជំនឿទំនៀមទម្លាប់ ប្រពៃណីរបស់
ព្រះរាជាណាចក្រកម្ពុជា។

ខ្ញុំសូមថ្លែងអំណរគុណចំពោះលោកជំទាវដែលបានពាំនាំបណ្ដាំរបស់ឯកឧត្តម នុត ណារ៉ាង ប្រកបដោយពាក្យពេចន៍ដែលពោរពេញដោយមនោសញ្ចេតនា និងការជឿទុកចិត្ត បន្តគាំទ្រដល់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម នុត ណារ៉ាង សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។ សូមលោកជំទាវ ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំពីខ្ញុំ និងភរិយា»៕