(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តបាត់ដំបង និងខេត្តព្រៃវែង នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅខេត្តបាត់ដំបង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានគ្រប់ថ្នាក់ក្នុងខេត្តបាត់ដំបង ថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង ព្រមទាំងសកម្មជន ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក្រុមការងារសារខាគណបក្សទូទាំងខេត្តបាត់ដំបង។
សម្ដេចក្រឡាហោម ស ខេង ក្នុងនាមសម្ដេចតេជោ ប្រធានគណបក្ស និងក្នុងនាមគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានសម្ដែងការកោតសរសើរ អរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សគ្រប់ថ្នាក់ ក្រុមការងារយុវជន ក្រុមការងារស្រ្តី និងគណៈចលនាមហាជនរបស់ណបក្ស ព្រមទាំងសកម្មជនគណបក្សគ្រប់មជ្ឈដ្ឋានដែលបានខិតខំសហការគ្នាប្របដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យគណបក្សទទួលបានជោគជ័យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧។
ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ព្រមទាំងអ្នក
គាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានដែលបានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត និងគាំទ្រយ៉ាងធំធេងដល់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិជាបន្តបន្ទាប់ ស្របតាមមាគ៌ារដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះក៏មានការធ្វើរបាយការណ៍ ស្ដីពីសភាពការណ៍ទូទៅ និងលទ្ធផល នៃការបោះឆ្នោតពីសំណាក់លោក សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបងផងដែរ។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំនោះដែរ សម្ដេចក្រឡាហោម ក៏បានផ្ដល់ឱកាសជូនតំណាងគណបក្ស និងក្រុមការងារគណបក្សប្រជាជនក្នុងខេត្តបាត់ដំបង ឡើងបង្ហាញចំណាប់អារម្មណ៍ និងចែករំលែកបទពិសោធន៍មួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតផងដែរ។
បន្ទាប់មក សម្ដេចក្រឡាហោម ក៏បានបន្តដឹកនាំកិច្ចប្រជុំដោយមានប្រសាសន៍ អំពីការវាយតម្លៃលើដំណើរការបោះឆ្នោត, បទពិសោធន៍ នៃភាពជោគជ័យក្នុងការបោះឆ្នោតនៅខេត្តបាត់ដំបង, បញ្ហាប្រឈម, សំឡេងឆ្នោតគាំទ្រគណបក្សដទៃ និងទិសដៅការងារដែលត្រូវអនុវត្ត។
សម្ដេចក៏បានសង្កត់ធ្ងន់អំពីការផ្ដល់ការគាំទ្រចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ ដែលភាគច្រើនជាថ្នាក់ដឹកនាំបន្តវេន ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត៕