(ភ្នំពេញ)៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦នេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានសម្រេចបញ្ជូនសំណើ របស់ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ទៅកាន់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពាក់ព័ន្ធនឹងការស្នើឱ្យក្រសួងចេញវិធានការណែនាំទៅដល់ម្ចាស់រោងចក្រ សហគ្រាសនានា ដើម្បីអនុញ្ញាតឱ្យកម្មករនិយោជិត ឈប់សម្រាក១ថ្ងៃ ដើម្បីទៅចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា។
បើតាមលោករដ្ឋមន្រ្តី អ៉ិត សំហេង កាលពីពេលថ្មីៗនេះ ក៏បានលើកឡើងថា ការអនុវត្តការងារចុះឈ្មោះបោះឆ្នោត និងការបោះប្នោតនោះ ត្រូវតែធ្វើទៅតាមច្បាប់ ពិសេសច្បាប់ស្ដីពីការបោះឆ្នោត ហើយក្រសួងការងារ នឹងជួយសម្រួលដល់មន្រ្តី ក៏ដូចជាប្រជាពលរដ្ឋ កម្មករនិយោជិត តាមតែការស្នើពី គ.ជ.ប ជានិច្ច៕