(ស្ទឹងត្រែង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្ត បានចាប់វាយខ្នោះបុរសម្នាក់ ក្រោយធ្វើសកម្មភាពរំលោភក្មួយបង្កើត និងចៅបង្កើត ចំនួន៣នាក់បានសម្រេច។

ការចាប់ខ្លួននេះ ធ្វើឡើងដោយកម្លាំងអាវុធហត្ថក្រុងស្ទឹងត្រែង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣នេះ នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ជនសង្ស័យឈ្មោះ ម៉ុង គិរីជលសា អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទត្រី មានទីលំនៅបច្ចុប្បន្នភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដែលបានប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ (មុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ)។

ជនសង្ស័យខាងលើនេះបានធ្វើសកម្មភាពរំលោភកុមារបីនាក់បានសម្រេច ដោយក្នុងនោះ ម្នាក់ជាក្មួយស្រីបង្កើត អាយុ៥ឆ្នាំ និងពីរនាក់ទៀត ជាចៅអាយុ៧ឆ្នាំ និងអាយុ៤ឆ្នាំ។ ក្រៅពីជនរងគ្រោះទាំងបីនាក់នេះ ជនល្មើសក៏បានបម្រុងធ្វើសកម្មភាពរំលោភក្មេងស្រីម្នាក់ទៀត អាយុ១២ឆ្នាំ តែមិនបានសម្រេច។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងអាវុធហត្ថក្រុងស្ទឹងត្រែង កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្ត ធ្វើការផ្ដន្ទាទោសតាមច្បាប់។

ដោយក្ដីអាណិតអាសូរ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដល់ជនរងគ្រោះទាំង៤នាក់ ម្នាក់ថវិកា១០ម៉ឺនរៀន និងអង្ករមួយបាវ រួចបានទាក់ទងខាងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដើម្បីមកទទួលជនរងគ្រោះទាំង៤នាក់នេះ៕