(ភ្នំពេញ)៖ លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន ឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងគូកន៥នាក់នៅពន្ធនាគារព្រៃសជាបណ្តោះអាសន្នហើយ ខណៈមនុស្ស៨នាក់ផ្សេងទៀត ដែលតុលាការរកឃើញថា មិនពាក់ព័ន្ធ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។
ឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស ត្រូវបានលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «ឆបោកមានស្ថានទម្ងន់ទោស» តាមមាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ ខណៈក្រុមអង្គរក្សរបស់លោកត្រូវបានតុលាការចោទប្រកាន់ពីបទ «ហិង្សាមានស្ថានទម្ងន់ទោស» តាមមាត្រ២១៨ នៃក្រមព្រហ្មទណ្ឌ។
សូមជម្រាបថា ឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សសរុប១៤នាក់ ពាក់ព័ន្ធករណីបោកប្រាស់ប្រជាពលរដ្ឋ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣។
ពេលបញ្ជូនដល់តុលាការ មានប្រជាពលរដ្ឋជាច្រើនរយនាក់ បានតម្រង់ជួរគ្នាត្រៀបត្រានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចូលបំភ្លឺនៅចំពោះមុខតុលាការករណីឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស បោកប្រាស់លុយរប់ពួកគាត់។
កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សសរុប១៤នាក់ ពាក់ព័ន្ធករណីបោកប្រាស់ប្រជាពលរដ្ឋកាលពីរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ នៅស្នាក់ការក្រុមហ៊ុនពិភពដីមាស ស្ថិតក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។
ការចាប់ខ្លួនឧកញ៉ាម្ចាស់ក្រុមហ៊ុនពិភពដីមាសរូបនេះ ធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ នៅពេលចុះអនុវត្តដីកា ក្រុមអង្គរក្សឧកញា បានរារាំងសមត្ថកិច្ច និងបានប្រើហិង្សាទៅលើកម្លាំងសមត្ថកិច្ចផងដែរ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានបញ្ជាក់ដែរថា ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ច ក៏បានប៉ះទង្កិចគ្នាជាមួយក្រុមអង្គរក្សរបស់ម្ចាស់ក្រុមហ៊ុនពិភពដីមាសផងដែរ រហូតកម្លាំងសមត្ថកិច្ចបង្ខំចិត្តផ្ទុះអាវុធដើម្បីគ្រប់គ្រងស្ថានការណ៍នៅកន្លែង ហើយឃាត់ខ្លួនទាំងក្រុមអង្គរក្សនោះតែម្តង។
សូមរំលឹកថា ឧកញ៉ា ហ៉ី គីមហុង នេះក៏ធ្លាប់ត្រូវបានស្នងការដ្ឋាននគរបាលខេត្ដកំពត ចេញលិខិតអញ្ជើញឲ្យចូលខ្លួនដើម្បីធ្វើការសាកសួរពាក់ព័ន្ធបណ្ដឹងប្រជាពលរដ្ឋ ដែលបានដាក់ទុនវិនិយោគជាមួយក្រុមហ៊ុននេះ គិតជាទឹកប្រាក់សរុបប្រមាណ៦លានដុល្លារ ប៉ុន្ដែឧកញ៉ានេះមិនចូលខ្លួននោះទេ ហើយថែមទាំងព្យាយាមគេចវេសមិនទទួលខុសត្រូវទៀតផង រហូតសមត្ថកិច្ចចាប់ខ្លួនតែម្តង៕