(ព្រៃវែង)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តសាំងយ៉ុងដឹកអ្នកដំណើរ និងរថយន្តហាយឡែនឌ័រ បានបុកគ្នាពេញទំហឹងបណ្ដាលឱ្យមនុស្សប្រុស-ស្រីចំនួន ១១នាក់ រងរបួសធ្ងន់ ស្រាល។ ចំណែកឯរថយន្តរងការខូចខាតយ៉ាងដំណំ ត្រូវបានកម្លាំងនគរបាលស្រុកកំពង់ត្របែក ចុះអន្តរាគមន៍បានវាស់វែង និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៦៖៣៥នាទីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចលើផ្លូវជាតិលេខ១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៩-៩០ ស្ថិតក្នុងភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ 

សមត្ថកិច្ចនគរបាលស្រុកកំពង់ត្របែក បានឱ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តម៉ាក HIGHLANDER ពណ៍ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ 2AK-8914 អ្នកបើកបរ ឈ្មោះ ប៊ុន សំអូន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិសំបួរ ឃុំអង្គសរ ស្រុកមេសាង ខេត្តព្រៃវែង បើកបរទិសដៅពីលិចទៅកើតមកដល់ចំណុចកើតហេតុខាងលើ ដោយសារស្ថានភាពងងុយដេក បានងោកមួយភាំងបណ្ដាលឱ្យរងយន្តរេចង្កូតជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាកសាំងយ៉ុង ពណ៌សរ ពាក់ផ្លាកលេខ ភ្នំពេញ 2AN-5630 បើកបរដោយឈ្មោះ ចឹក សាមន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិត្បែង ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង បណ្ដាលឱ្យរងរបួសចំនួន ១១នាក់ (ស្រី ៩នាក់) ក្នុងនោះរងរបួសធ្ងន់ ៦នាក់ និងស្រាល ៥នាក់។ រីឯរថយន្តទាំងសងខាងបានរងការខូចខាតយ៉ាងដំណំ។

សមត្ថកិច្ចបានបន្តថា បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ដោយឡែករថយន្តទាំងសងខាង ត្រូវនគរបាលជំនាញ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក រង់ចាំដោះស្រាយបន្តតាមនីតិវិធី៕