(ភ្នំពេញ)៖ មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ទុកពីសម័យសង្រ្គាម បានយាយី និងឆក់យកជីវិតប្រជាពលរដ្ឋកម្ពុជាអស់ជាច្រើន ប្រទេសអូស្ត្រាលី គឺជាប្រទេសមួយ ដែលបានផ្តល់ជំនួយសម្រាប់បោសសំអាតមីននៅកម្ពុជា។ លោកទេសរដ្ឋមន្រ្តី សេរី កុសល បានអរ គុណដល់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានជួយដោះស្រាយនូវកង្វល់របស់ប្រទេស និងប្រជាជនកម្ពុជា និងសុំឲ្យអូស្រ្តាលី បន្តជួយប្រទេសកម្ពុជា ដើម្បីបោសសំអាតមីន និងគ្រាប់យុទ្ធភណ្ឌរហូតអស់ពីក្នុងដី។
ការថ្លែងរបស់លោកទេសរដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលី ដែលទើបមកបំពេញការងារនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦។
លោកទេសរដ្ឋមន្រ្តី បានថ្លែងថា រដ្ឋាភិបាលអូស្ដ្រាលី តែងតែប្រកាន់ជំហគាំទ្ររាជរដ្ឋាភិបាលកម្ពុជាលើគ្រប់វិស័យ។ ដោយឡែកវិស័យសកម្មភាពមីន អូស្ត្រាលីបានផ្តល់ការគាំទ្រតាមរយៈ គម្រោងបោសសម្អាតមីន ជាលទ្ធផលចាប់តាំងពីតំណាក់កាលទី១ ទី២ និងបន្តមកតំណាក់កាលទី៣ ដែលមួយតំណាក់កាលៗ មានទឹកប្រាក់ច្រើនជាង១០លានដុល្លារ។ លើសពីនេះរដ្ឋាភិបាលអូស្ត្រាលី បានផ្តោតការយកចិត្តទុកដាក់ លើការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាកត្តាចំបងសម្រាប់ការអភិវឌ្ឍន៍ប្រទេស។
លោកទេសរដ្ឋមន្រ្តីថ្លែងថា «ក្នុងនាម សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន ខ្ញុំសូមថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋអូស្ត្រាលី ដែលបានគាំទ្រទាំងថវិកា សម្ភារៈ និងធនធាន ដើម្បីជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា»។
លោកទេសរដ្ឋមន្រ្តី ក៏បានស្នើឲ្យរដ្ឋាភិបាលអូស្ត្រាលី បន្តជួយផ្តល់ជំនួយ ដើម្បីបោសសំអាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្តទៀត ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋកម្ពុជា និងចៀសពីការរងគ្រោះដោយគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលបន្សល់ពីសម័យសង្រ្គាម។
ឆ្លើយតបសំណើរនេះលោកស្រីឯកអគ្គរដ្ឋទូត បានឲ្យកម្ពុជាពិចារណាស្វែងរកកិច្ចសហការជាមួយវិស័យឯកជន ដោយសារជំនួយរបស់ អូស្ត្រាលី មានការធ្លាក់ចុះ។
លោកស្រី Angela Corcoran បានថ្លែងថា ជំនួយរបស់រដ្ឋាភិបាលអូស្ដ្រាលីមានរហូតដល់ ៧៥០លានដុល្លារ ក្នុងនោះ ១៩លានដុល្លារ ជួយដល់ជនរងគ្រោះដោយសារមីន និងវិស័យមីន។
លោកស្រី Angela Corcoran ដែលធ្លាប់បានធ្វើការងារនៅកម្ពុជាក្នុងចន្លោះឆ្នាំ១៩៩៣-១៩៩៤ បានមើលឃើញថា កម្ពុជា នាពេលបច្ចុប្បន្នមានភាពរីកចម្រើនស្ទើរគ្រប់វិស័យធៀបទៅនឹងអតីតកាល។
លោកទេសរដ្ឋមន្រ្តី សេរី កុសល ធ្លាប់បានបញ្ជាក់ថា កម្ពុជាគ្រោងនឹងបោសសំអាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះលើផ្ទៃដីប្រមាណ ជា ១,៦៤០គីឡូម៉ែត្រការ៉េ ឲ្យអស់នៅឆ្នាំ២០២៥៕