(ព្រះវិហារ)៖ ប្រជាពលរដ្ឋរស់នៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ បានឱ្យដឹងថា រាល់ថ្ងៃទំនិញឆ្លងដែនពីប្រទេសកម្ពុជា ទៅប្រទេសឡាវ និងពីប្រទេសឡាវ មកប្រទេសកម្ពុជា បានកើតឡើងជារៀងរាល់ថ្ងៃ ដោយថ្ងៃខ្លះមានលក្ខណៈទ្រង់ទ្រាយធម្មតា និងថ្ងៃខ្លះទៀតមានលក្ខណៈទ្រង់ទ្រាយធំ។

ប្រជាពលរដ្ឋ បានឱ្យដឹងនៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣នេះថា៖ «រយៈពេលប៉ុន្មានថ្ងៃនេះ មានការនាំចេញអង្ករពីប្រទេសកម្ពុជា ទៅប្រទេសឡាវទាំងរថយន្តៗ ដោយឈ្មួញដឹកអង្ករតាមរថយន្តធំៗ រួចឈប់នៅមាត់ទន្លេ ហើយឱ្យកម្មករលីដាក់លើទូក កាណូត សម្រាប់នាំចេញទៅប្រទេសឡាវតែម្តង។ ក្រៅពីការនាំអង្ករកម្ពុជា ចេញទៅប្រទេសឡាវ ក៏មានការនាំប្រេង បារី និងទំនិញមួយចំនួនទៀតពីឡាវមកកម្ពុជាផងដែរ»

ប្រជាពលរដ្ឋបានបន្តថា ជាទូទៅសកម្មភាពនាំទំនិញឆ្លងដែន នៅព្រំដែនកម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ហាក់ពុំមានការត្រួតពិនិត្យ និងបង្រ្កាបពីសមត្ថកិច្ចជំនាញពាក់ព័ន្ធនោះទេ៕