(រតនគិរី)៖ លោក ជៀង អំ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តរតនគិរី នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ សម្រាប់ខេត្តរតនគិរី។
អង្គប្រជុំនេះមានការអញ្ជើញចូលរួមពីលោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការបក្សខេត្ត, លោកគិត ទ្រីសមាជិករដ្ឋសភាមណ្ឌលរតនគិរី នីតិកាលទី៧, អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តរតនគិរី, លោក លោកស្រីសមាជិកគណៈអចិន្ត្រៃយ៍ខេត្ត សមាជិកគណៈកម្មាធិការបក្សខេត្ត, គណៈកម្មាធិការបក្សស្រុក ក្រុង ឃុំ សង្កាត់ ទូទាំងខេត្តជាច្រើនរយនាក់។
បន្ទាប់ពីលោក ញ៉ែម សំអឿន អានរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់គណៈកម្មាធិការបក្សខេត្តរតនគិរីនោះរួចមក, លោក ជៀង អំ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់ពេលវេលា ធនធានផ្ទាល់ខ្លួន ក្នុងការចុះជួយមូលដ្ឋាន ដែលខ្លួនទទួលខុសត្រូវ ពិសេសក្នុងយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ។
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានខេត្តរតនគិរី បានបន្ថែមថាជោគជ័យ ដែលទទួលបានសំឡេងច្រើនលើសលុបដោយអាចគ្រប់គ្រង បាន១/១អាសនៈនេះ ចាត់ទុកជាមោទនភាពរបស់យើងទាំងអស់គ្នា។ លោកក៏បានដាក់ជូនរបាយការណ៍ ឆ្លងអង្គប្រជុំដើម្បីពិភាក្សា និងកែលម្អរ ហើយអង្គប្រជុំក៏បានឯកភាពទាំងស្រុង នូវខ្លឹមសាររបាយការណ៍នេះផងដែរ។
ក្នុងឱកាសនោះលោកក៏បានលើកឡើងអំពីជំនួបសំណេះសំណាលកាលពីថ្ងៃទី១០ខែសីហា ឆ្នាំ២០២៣ រវាងសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយសមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ និងសមាជិករាជរដ្ឋាភិបាលអាណត្តិថ្មី នៅវិមាន៧ មករា ដោយបានសង្កត់ធ្ងន់ថា កត្តាសំខាន់បំផុតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការថែរក្សាប្រៀបឈ្នះពីអតីតកាល ក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត គឺកត្តាសាមគ្គីនិងឯកភាពផ្ទៃក្នុងគណបក្ស។
ជាមួយគ្នានេះដែរ លោកក៏បានផ្តាំផ្ញើដល់សមាជិក សមាជិកាក៏ដូចជាក្រុមការងារទាំងអស់ត្រូវបន្តចុះមូលដ្ឋានធ្វើការថ្លែងអំណរគុណដល់សមាជិក សមាជិកា និងអ្នកគាំទ្រគណបក្ស ដែលបានបោះឆ្នោតគាំទ្រជូន គណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជ័យជំនះ និងបន្តផ្សព្វផ្សាយអំពីលទ្ធផលជ័យជំនះរបស់គណបក្ស ដែលទទួលបានជោគជ័យដ៏ធំធេងក្នុងការបោះឆ្នោតកន្លងមក ដោយទទួលបានអសនៈក្នុងចំនួន១២០/១២៥ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។ ត្រូវបន្តរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ និងគាំទ្រចំពោះលោកកិត្តិទេសាបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តួនាទីជានាយករដ្ឋមន្ត្រីថ្មី សម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ, ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើន និងមានមោទនភាព ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្តបន្តទៀត៕