(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងកងរាជអាវុធហត្ថតាមខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ ក្រោមការឯកភាពពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានចុះទៅទីតាំងហាងចែកចាយស្រាបៀរ គ្រុឌ (Krud) ចំនួន១០ទីតាំង ដើម្បីធ្វើការត្រួតពិនិត្យសំបកកេសផលិតផលស្រាបៀរ គ្រុឌ (Krud) ដែលមានភាពមិនប្រក្រតី ដោយជនខិលខូចមួយចំនួន បានធ្វើការចែកចាយ និងប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវ តាមរយៈការគាស់សំបកកេសស្រាបៀរ គ្រុឌ (Krud) ដកយកកំប៉ុងដែលមានរង្វាន់ ហើយធ្វើការវេចខ្ចប់ឡើងវិញ ខុសបច្ចេកទេស នាំឱ្យខូចសោភ័ណភាព នៃការវេចខ្ចប់ទ្រង់ទ្រាយដើមរបស់ក្រុមហ៊ុន។

ការចុះដកហូតផលិតផលស្រាបៀរ គ្រុឌនេះ បានធ្វើឡើងយោងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯ.ក ដែលប្តឹងជនខិលខូចមួយចំនួន បានធ្វើសកម្មភាពល្មើសទាក់ទងនឹងផលិតផលស្រាបៀរ គ្រុឌ (Krud) ដែលជាផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯ.ក។

មិនត្រឹមតែប៉ុណ្ណោះផលិតផលស្រាបៀរ គ្រុឌ (Krud) ដែលបានដកយករង្វាន់ចេញនោះ ត្រូវបានម្ចាស់ហាងចែកចាយលក់ចេញវិញ ក្នុងតម្លៃទាបជាងទីផ្សារ។

ប្រតិបត្តិការខាងលើនេះ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងកងរាជអាវុធហត្ថតាមបណ្តាខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ នៃទីតាំងហាងចែកចាយទាំងដប់ និងមានការចូលរួមពីមេធាវីតំណាងក្រុមហ៊ុន បុគ្គលិករបស់ក្រុមហ៊ុន បានដកហូតផលិតផលស្រាបៀរ គ្រុឌ (Krud) ដែលមានភាពមិនប្រក្រតីសរុប ចំនួន ១៧៦កេស ពីហាងលក់ចែកចាយស្រាបៀរចំនួន ០៧ទីតាំង ក្នុងចំណោមដប់ទីតាំងដែលបានចុះធ្វើការត្រួតពិនិត្យ។

អំពើល្មើសខាងលើ បានធ្វើឱ្យប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះ និងកិត្តិយស ព្រមទាំងម៉ាកសញ្ញាផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯ.ក គឺស្រាបៀរ គ្រុឌ (Krud) ដែលត្រូវបានកសាងឡើងដោយប្រកាន់ខ្ជាប់នូវបទដ្ឋានស្ដង់ដារ ជាពិសេសការគោរពនូវបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

បណ្តឹងរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯ.ក គឺជាវិធានការទប់ស្កាត់ បង្ការ និងលុបបំបាត់នូវអំពើរបស់ជនខិលខូចមួយចំនួន ហើយក៏ជាវិធានការយកចិត្តទុកដាក់ពីសំណាក់ក្រុមហ៊ុន ក្នុងការការពារផលប្រយោជន៍ដល់អ្នកចែកចាយបន្ត អ្នកចែកចាយបន្តបន្ទាប់ផ្សេងទៀត ព្រមទាំងអតិថិជនជាអ្នកប្រើប្រាស់ផ្ទាល់ ដែលបានគាំទ្រយ៉ាងពេញទំហឹងនូវផលិតផលស្រាបៀរ គ្រុឌ (Krud) របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯ.ក ដែលបាននឹងកំពុងចែកចាយទូទាំងប្រទេស ដោយទទួលបាននូវការទទួលស្គាល់ និងទំនុកចិត្ត តាមរយៈការប្រកាន់ខ្ជាប់របស់ក្រុមហ៊ុននូវគុណភាពជាចម្បងស្របតាមបទដ្ឋានស្តង់ដារ គតិយុត្ត ជាពិសេសគឺការផ្ដល់នូវរង្វាន់ពិតៗជាច្រើនសន្ធឹកសន្ធាប់ ដល់អតិថិជនដែលជាអ្នកគាំទ្រផលិតផលស្រាបៀរ គ្រុឌ (Krud) របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯ.ក។

ជាមួយគ្នានេះ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯ.ក អំពាវនាវដល់ម្ចាស់ហាងចែកចាយ និងហាងចែងចាយបន្តបន្ទាប់ផ្សេងទៀតទាំងអស់ សូមបញ្ឈប់នូវរាល់សកម្មភាពគាស់សំបកកេសស្រាបៀរ គ្រុឌ (Krud) ដកយករង្វាន់ ហើយធ្វើការវេចខ្ចប់ឡើងវិញដោយខុសស្តង់ដារដើម និងចូលរួមបញ្ឈប់ការទិញផលិតផលស្រាបៀរ គ្រុឌ (Krud) ក្នុងតម្លៃទាប ដែលសំបកកេសត្រូវបានគាស់ និងវេចខ្ចប់ខុសប្រក្រតី បើពុំដូច្នោះទេ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯ.ក នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុតចំពោះអ្នកដែលប្រព្រឹត្តនូវសកម្មភាពខាងលើ៕