(ភ្នំពេញ)៖ រយៈពេល៧ខែ ដើមឆ្នាំ២០១៦ សមត្ថកិច្ចផាកពិន័យថវិកាពីការអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកថ្មីបាន ១៣,២២៣,២៦៤,០០០រៀល។ នេះបើតាមរបាយការណ៍របស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្តីពីការបូកសរុបផទ្ធផល ត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវ គោកថ្មី ខែកក្កដា ឆ្នាំ២០១៦។
៧ខែមកនេះ មានការផាកពីន័យលើរថយន្ត ៥៧.០៧២ គ្រឿង ដែលក្នុងនោះ មានរថយន្តចំនួន ៣៣ភាគរយ និងម៉ូតូចំនួន ៦៧ភាគរយ។ ថវិកាខាងលើទទួលបានពីការ ផាកពិន័យចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦។
យោងតាមរបាយការណ៍ខាងលើនេះ បានបង្ហាញឲ្យដឹងទៀតថា សមត្ថកិច្ចបានត្រួតពិនិត្យយានយន្តសរុបចំនួន ៨៦៤.៥៤២ គ្រឿង ក្នុងនោះ មានម៉ូតូ ៦៣ភាគរយ និងបានរកឃើញយានយន្តល្មើសច្បាប់ ចំនួន១០១,៤១២ គ្រឿង ស្មើ ១១.៧ភាគរយ ក្រៅពីនោះសមត្ថកិច្ច ក៏បានធ្វើការអប់រំ យានយន្ត បាន ៤៤,៣៤០គ្រឿងស្មើ ៤៤ភាគរយ។ ចំណែកយានយន្តល្មើសល្បឿនវិញ រកឃើញមានចំនួន ៥,៣៨៧គ្រឿង និងល្មើសជាតិស្រវឹង ៤៨៧នាក់ ក្នុងនោះ ឃាត់ខ្លួនបញ្ចូនសំណុំរឿងទៅតុលាការ ២៩នាក់ (មានអ្នកបើកបររថយន្ត០៦នាក់ និងអ្នកបើកបរម៉ូតូ ២៣នាក់)។
គួរបញ្ជាក់ថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី បានចាប់ផ្តើមអនុវត្តជាផ្លូវការ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ ដោយនៅក្នុងច្បាប់ថ្មីនេះ មានការរឹតបន្តឹងការអនុវត្តជាងច្បាប់ចាស់ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស៕