(ព្រះសីហនុ)៖ អ្នកឧកញ៉ាបណ្ឌិត​ លី​ សាម៉េត​ ទីប្រឹក្សាផ្ទាល់​ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាល និងថ្លៃងអំណរគុណ​ ដល់ប្រជាពលរដ្ឋចំនួន ៧៥០គ្រូសារ ដែលស្ថិតនៅតំបន់អូរដំរី ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបានអញ្ជើញទៅចូលរួមបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។

កម្មវិធីនេះ មានការអញ្ជើញអមដំណើរដោយបណ្ឌិតសភាចារ្យ សុំ ឈ៊ុំប៊ុន, បណ្ឌិត សុំ ឈ៊ុំឡុង, បណ្ឌិតសភាចារ្យ សោម សុមុនី, លោកបណ្ឌិត ឈឿន សាវន, លោកស្រី​ ផល្លីពង្ស​ សាធុកា​ ជំនួយការផ្ទាល់អ្នកឧកញ៉ាបណ្ឌិត​ លី​ សាម៉េត,​ លោកស្រី​ ហង្ស​ បូរី​ ទីប្រឹក្សាជាន់ខ្ពស់សាកលវិទ្យាល័យ​ឥន្ទ្រវិជ្ជា (UI), និងលោកឧកញ៉ាបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ និងគណៈគ្រប់គ្រង បុគ្គលិកនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI)។

ថ្លែងនាឱកាសនោះ អ្នកឧកញ៉ាបណ្ឌិត​ លី​ សាម៉េត បានថ្លែងថា តាមប្រសាសន៍ណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន លោកនឹងបន្តចុះសួរសុខទុក្ខលោកតា លោកយាយ ប្រជាពលរដ្ឋទូទាំងប្រទេស ២៥ រាជធានី-ខេត្ត។

អ្នកឧកញ៉ាបណ្ឌិត ក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខ ប្រកបដោយការនឹករឭក និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ របស់សម្ដេចតេជោ ហ៊ុន សែន ចំពោះប្រជាពលរដ្ឋទាំងអស់ ស្ថិតនៅតំបន់អូរដំរី ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ក៏ដូចជាទូទាំងខេត្តកំពង់ស្ពឺផងដែរ សូមប្រកបដោយសេចក្តីសុខ និងទទួលបានជោគជ័យ។

អ្នកឧកញ៉ាបណ្ឌិត បានថ្លែងអំណរអរគុណដល់ប្រជាពលរដ្ឋ​ទាំងអស់ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា លេខរៀងទី១៨ ផងដែរ។

អ្នកឧកញ៉ាបណ្ឌិត បានគូសបញ្ជាក់ផងដែរថា ប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរមកដល់សព្វថ្ងៃនេះ បានគុណបុណ្យសម្ដេចតេជោ ហ៊ុន សែន ជាមគ្គុទេសក៍ដឹកនាំមានភាពវៃឆ្លាត ប៉ិនប្រសប់ និងចាស់ទុំនយោបាយ ប្រកបទៅដោយភាពរីកចម្រើននៃការអភិវឌ្ឍ ផ្លូវ ថ្នល់ ស្ពាន អគារពាណិជ្ជកម្មខ្ពស់ស្កឹមស្កៃរីកដុះដាលដូចផ្សិត ប្រជាពលរដ្ឋមានេជីវភាពធូរធារ ក្រោមម្លប់សន្តិភាព តេជោសែន។

ក្នុងការជួបសំណេះសំណាលនេះផងដែរ ប្រជាពលរដ្ឋទាំងអស់ ប្រកាសគាំទ្រទាំងស្រុងចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន និងប្រកាសគាំទ្រទាំងស្រុងចំពោះ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់កាន់តួនាទីជានាយករដ្ឋមន្រ្តីថ្មី សម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ, ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើន និងមានមោទនភាព ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្តបន្តទៀត។

ជាចុងក្រោយ ប្រជាពលរដ្ឋទាំងអស់មានក្ដីរំភើបយ៉ាងក្រៃលែង និងបានថ្លែងអំណរអរគុណ អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត ដែលជានិច្ចជាកាល អ្នកឧកញ៉ាបណ្ឌិត តែងតែយកចិត្តទុកដាក់ តបតាមការណែនាំរបស់សម្ដេចតេជោ ចុះមកពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋនៅអូរដំរី និងបាននាំការផ្ញើសួរសុខទុក្ខពី សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបាននាំយកអំណោយ ចេកអំបូងលឿង ១០០០ដើម, កូនធ្នង់ ១០០០ដើម, កូនក្រញ៉ូង ១០០០ដើម, និងសារ៉ុងចំនួន៤០០ ព្រមទាំងបវិកា ៤លានរៀល ចែកជូនក្រុមគ្រួសារប្រជាពលរដ្ឋនៅអូរដំរីជូបការខ្វះខាត៕