(ភ្នំពេញ)៖ មូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន (ING Foundation) នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ម្សិលមិញ បានរៀបចំពិធីបើកកម្មវិធីមនុស្សធម៌ ពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមអធិបតីភាព លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង, អ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធានមូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន លោកស្រី ហេង សុខា និងក្រុមគ្រួសារ, តំណាងមន្ទីរពាក់ព័ន្ធ, អាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្យនិងក្រុមការងារសមាគម Turning Brilliant Association និងប្រជាពលរដ្ឋ ចូលរួមសរុបប្រមាណជិត ២.០០០នាក់។
កម្មវិធីមនុស្សធម៌ ពិនិត្យនិងព្យាបាលជំងឺ ដោយឥតគិតថ្លៃ នឹងប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ គឺនៅថ្ងៃទីសុក្រ ទី១១ និងថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០២៣ មានទីតាំងនៅភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយបានការសហការពីសមាគម Turning Brilliant Association (TBA) មកពីកោះតៃវ៉ាន់ ក្នុងនោះមានគ្រូពេទ្យឯកទេសចំនួន ២០នាក់ និងក្រុមការងារស្ម័គ្រចិត្តចំនួន ៦៥នាក់ មកពីកោះតៃវ៉ាន់ និងរាជធានីភ្នំពេញ ដែលផ្ដល់ការពិនិត្យនិងព្យាបាល០៥ផ្នែក រួមមានផ្នែកពិនិត្យព្យាបាលជំងឺតាមបែបសម័យទំនើប, ព្យាបាលតាមបែបបុរាណ, ពិនិត្យព្យាបាលមាត់ធ្មេញ, ពិនិត្យព្យាបាលសរសៃនិងសន្លាក់, ពិនិត្យថែទាំសក់ និងការចាក់វ៉ាក់សាំងកូវីដ-១៩ ក្រោមកិច្ចសហការជាមួយមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង។ លើសពីនេះ ប្រជាពលរដ្ឋ ដែលបានមកពិនិត្យព្យាបាលជំងឺនឹងទទួលបាននូវកញ្ចប់អំណោយមនុស្សធម៌សម្រាប់ទ្រទ្រង់ជីវភាពបានមួយអន្លើផងដែរ។
លោក អ៉ឹង ស៊ីវម៉េង តំណាងអ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ បានថ្លែងថា ដោយការយកចិត្តទុកដាក់ខ្ពស់របស់អ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ទៅលើស្ថានភាពវិស័យសុខាភិបាលក្នុងស្រុកកំពង់លែងទាំងមូល ដែលកំពុងមានសេចក្តីត្រូវការ ដូចជាការពិនិត្យព្យាបាលជំងឺ និងថ្នាំសង្កូវជាដើម មានទំហំគួរឲ្យកត់សម្គាល់។ ស្របពេលមូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន មានកិច្ចសហការថ្មីៗជាមួយដៃគូទាំងក្នុងស្រុក និងអន្តរជាតិ ជាពិសេសជាមួយក្រុមគ្រូពេទ្យមនុស្សធម៌មកពីបរទេស និងបណ្តាដៃគូសហការឧបត្ថម្ភគាំទ្រមួយចំនួន ទើបអ្នកឧកញ៉ាបានផ្តួចផ្តើមរៀបចំនូវកម្មវិធីមនុស្សធម៌ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ដែលតាមគម្រោងមានប្រមាណ ៣.៦០០នាក់ នៅក្នុងភូមិសាស្ត្រស្រុកកំពង់លែង។
លោកបន្តទៀតថា សុខុមាលភាពល្អក្នុងសហគមន៍ គឺជាគោលដៅសំខាន់មួយក្នុងចំណោមគោលដៅជាច្រើនទៀតរបស់មូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន ស្របតាមចក្ខុវិស័យមនុស្សធម៌របស់អ្នកឧកញ៉ាប្រធានមូលនិធិ ដែលលោកតែងតែមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ដិតជាប់នឹងទឹកដីស្រុកកំណើត ចង់ឃើញស្រុកកំពង់លែងមានការអភិវឌ្ឍលើគ្រប់វិស័យ និងទទួលបានភាពសំបូរសប្បាយក្នុងគ្រាដែលប្រទេសកម្ពុជាទាំងមូលកំពុងស្ថិតក្នុងមាគ៌ាអភិវឌ្ឍឥតឈប់ឈរ។
ថ្លែងក្នុងពិធីបើកនេះ លោក ស៊ុន សុវណ្ណារិទ្ធិ បានឲ្យដឹងថា កម្មវិធីមនុស្សធម៌ ពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃគឺមានសារៈសំខាន់ណាស់ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជនជន គឺពិតជាត្រូវការការចូលរួមពីវិស័យឯកជន ក៏ដូចជាសប្បុរសជនក្នុងការផ្ដល់សេវាសុខភាពជូនប្រជាជន ដូចកម្មវិធីថ្ងៃនេះស្រាប់។ លោកបានបញ្ជាក់ថា នេះពុំមែនជាលើកទីមួយឡើយ ជាការកត់សម្គាល់ក្នុងអំឡុងពេលប្រឈមនិងជំងឺកូវីដ-១៩ មានការឧបត្ថម្ភសម្ភារៈការពារជំងឺកូវីដ-១៩ បរិក្ខារពេទ្យ ទឹកស្ព្រីងប្រូវីដា ភេសជ្ជៈ និងថវិកាពីសំណាក់មូលនិធី អ៉ឹង ហ្វោនដេហ្ស៊ិន របស់អ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ទៅកាន់មន្ទីរពេទ្យខេត្តជាដើម និងសកម្មភាពសប្បុរស្សធម៌ជាច្រើនទៀតផងដែរ។
លោកបានរំលើកកាលពីឆ្នាំ១៩៩៨ អ្នកឧកញ៉ាបានជួយសាងសង់អគារជំងឺសង្គ្រោះបន្ទាន់០១ខ្នង នៅពេលយើងមានការលំបាកខ្លាំង និងបានបន្តជួយសាងសង់អគារសម្ភព០១ខ្នងទៀតនៅឆ្នាំ២០០១ ដែលអាចទទួលស្ត្រីសម្រាលកូនជាមធ្យមពី៣០ទៅ៤០នាក់ក្នុងមួយថ្ងៃ។ ជាពិសេសថ្មីៗនេះ មូលនិធិ អ៊ឹង ហ្វោនដេហ្ស៊ិន បានឧបត្ថម្ភម៉ាស៊ីនលាងឈាមថ្មីចំនួន០២គ្រឿង,ម៉ាស៊ីនអេកូទំនើបចំនួន០១គ្រឿង, ម៉ាស៊ីនបន្សុតទឹកចំនួន ០១គ្រឿង និងជួសជុលអគារលាងឈាមមានបំពាក់ប្រព័ន្ធអុកស៊ីសែន ម៉ាស៊ីនត្រជាក់ បណ្ដាញអគ្គិសនី និងម៉ាស៊ីនUVសម្លាប់មេរោគផងដែរ និងឧបត្ថម្ភការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់មន្ត្រីសុខាភិបាល ដែលបានចំណាយសរុបជាថវិកាជិត ២០ម៉ឺនដុល្លារអាមេរិក។
កញ្ញា CHANG, Ye-Wha តំណាងសមាគម Turning Brilliant Association បានសម្ដែងនូវការកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ដែលបានជួយឧបត្ថម្ភនិងរៀបចំកម្មវិធីមនុស្សធម៌នេះឡើង ហើយយើងពិតជាមានមោទនភាពដែលបានចូលរួមសហការជាមូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន ហើយយើងក៏សង្ឃឹមនិងជឿជាក់ថា យើងនឹងមានឱកាសមកសហការគ្នាក្នុងកម្មវិធីមនុស្សធម៌ផ្សេងៗនាពេលខាងមុខទៀត៕