(ក្រចេះ)៖ គ្រាប់មិនទាន់ផ្ទុះជាច្រើនរយគ្រាប់ ត្រូវបានប្រទះឃើញកប់ដីនៅក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រិយានី កុសុមៈ ស្ថិតក្នុងក្រុងក្រចេះ ខេត្តក្រចេះ ខណៈមន្ដ្រីជំនាញស៉ីម៉ាក់ កំពុងធ្វើការរុករកបន្ថែមទៀត។ ដោយឡែក សិស្សានុសិស្សត្រូវបានផ្អាកការសិក្សាបណ្ដោះអាសន្ន រង់ចាំមន្ដ្រីជំនាញបញ្ចប់ប្រតិបត្តិការរុករក។

លោក ប៊ុន ឆី នាយកវិទ្យាល័យព្រះមហាក្សត្រិយានី កុសុមៈ បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣នេះថា សាលាត្រូវជួសជុលអាគារ និងចាក់សាប់ហើយត្រូវបានក្រុមជាងកាយសាបក៏ប្រទះឃើញគ្រាប់ទាំងនេះតែម្ដង។ ភ្លាមៗ លោកបានរាយការណ៍ទៅសមត្ថកិច្ច ហើយនៅពេលមន្ដ្រីស៊ីម៉ាក់មកដល់ រាវរកក៍ប្រទះឃើញគ្រាប់ជាច្រើននៅទីតាំងនោះ។

លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តក្រចេះ បានអនុញ្ញាត្តឲ្យសិស្សឈប់សម្រាកមួយរយៈពេលខ្លី ទម្រាំកម្លាំងសុីម៉ាក់រុករក និងយកគ្រាប់ចេញពីទីតាំងនោះអស់ទើបអនុញ្ញាតឲ្យសិស្សចូលរៀនវិញ។

លោកនាយកសាលា បានបញ្ជាក់ទៀតថា កម្លាំងសុីម៉ាក់ បានរាវរកប្រទះឃើញចំនួនគ្រាប់៤ប្រភេទរួមមាន៖ M79 ចំនួន២៥០គ្រាប់, DK75 ចំនួន១៦គ្រាប់, ក្បាលផ្ទុះ M48 គ្រាប់ផ្លោង១៧គ្រាប់, B40 ចំនួន១ គ្រាប់សរុបចំនួន២៨៤គ្រាប់។ ដោយឡែក នៅថ្ងៃទី១២ ខែសីហានេះ កម្លាំងសុីម៉ាក់កំពុងរុករកបន្តប្រទះឃើញគ្រាប់ជាច្រើនទៀត ហើយបេសកម្មរុករក នៅមិនទាន់បញ្ចប់នៅឡើយទេ។

យោងតាមកម្លាំងក្រុមស្រាវជ្រាវគ្រាប់បែកចង្កោមលេខ០៥ ប្រចាំកងឯកភាពកំចាត់មុីនទី៥ បានអះអាងថា គ្រាប់ទាំងនេះ គឺគ្រាប់អាចផ្ទុះធ្វើមនុស្សគ្រោះថ្នាក់ជីវិតបាន ហើយទីតាំងប្រទះឃើញគ្រាប់នេះដូចជារណ្ដៅគេកប់គ្រាប់កាលពីសម័យសង្រ្គាម។ មន្ដ្រីបញ្ជាក់ថា ប្រតិបត្តិការរុករកយកគ្រប់ចេញពីទីតាំងនោះ ប្រហែលជា២ថ្ងៃទើបបញ្ចប់៕