(ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែ កក្តដា ឆ្នាំ២០២៣ កន្លងទៅ ដោយមានការចូលរួមពីលោក លោកស្រី ក្រុមការងារចុះមូលដ្ឋានថ្នាក់ខេត្ត ស្រុក ឃុំ ភូមិ សរុបមានអ្នកចូលរួមជិត ៤០០នាក់ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ។
បន្ទាប់ពីលោក វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងលោក ធុន គ្រី ប្រធានគណៈប្រចាំការគណបក្សខេត្ត បានធ្វើសេចក្តីរាយការណ៍ពីស្ថានភាពទូទៅ និងលទ្ធផលការងារបោះឆ្នោតនៅខេត្តក្រចេះទាំងមូលរួចមក លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារចុះជួយខេត្តក្រចេះ បានថ្លែងអំណរគុណក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា កោតសរសើរ វាយតម្លៃខ្ពស់ចំពោះកម្លាំងសរុប សកម្មភាពសរុបរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានពុះពាររាល់ការលំបាក ច្បាមជាប់មូលដ្ឋានផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាជនជាប់ជាប្រចាំរហូតសម្រេចបានស្នាដៃធំធេង ដណ្តើមជ័យជំនះដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដោយគណបក្សប្រជាជនកម្ពុជាយើងឈ្នះទាំងស្រុង ទទួលបានអាសនៈទាំងអស់ ៣ លើ ៣ ក្នុងមណ្ឌលខេត្តក្រចេះ។
លោកបានបន្ដថា ជ័យជំនះដ៏ធំធេងរបស់ខេត្តក្រចេះនេះ បានរួមចំណែកយ៉ាងស័ក្តិសមជាមួយជោគជ័យដ៏មហិមារបស់គណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេសដែលទទួលបានទំនុកចិត្ត និងការគាំទ្រ ពេញទំហឹងរឹងមាំពីប្រជាពលរដ្ឋម្ចាស់ឆ្នោតគ្រប់ទិសទី ចំពោះមគ្គុទ្ទេសភាពដ៏ត្រឹមត្រូវ ឈ្លាសវៃ ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា និង ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងតំណែងនាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីសម្រេចបេសកកម្មជាប្រវត្តិសាស្ត្រ បន្តរក្សាការពារសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពយូរអង្វែងសម្រាប់អនាគតរុងរឿងរបស់មាតុភូមិ និងប្រជាជនយើងគ្រប់ជំនាន់តទៅមុខទៀត។
មុនបញ្ចប់កិច្ចប្រជុំ លោក ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះក៏បានគូសបញ្ជាក់ពីកាតព្វកិច្ចរួមរបស់យើងទាំងអស់គ្នាក្នុងការរក្សាប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ដោយបន្តពុះពារបំពេញសម្រេចឲ្យបានល្អនូវភារកិច្ចនយោបាយតាមគ្រប់មុខសញ្ញា នៅគ្រប់ពេលវេលាគ្រប់ទីកន្លែង រួមសាមគ្គី ជម្រុញចលនាសកម្មភាពជាក់ស្តែង ថែបំប៉នជំនឿទឹកចិត្តដោយបេះដូងរបស់ប្រជាជន សំដៅពង្រឹងសុខសុវត្ថិភាពសហគមន៍មូលដ្ឋានដែលជាចំណែកដ៏សំខាន់ដល់ការថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ បង្កលក្ខណៈសព្វបែបយ៉ាង ដើម្បីធានាកំណើនសេដ្ឋកិច្ចជាតិ សម្រាប់វឌ្ឍនភាព និងវិបុលភាពរបស់កម្ពុជាជាដរាបតរៀងទៅ៕