(ភ្នំពេញ)៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម) នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦នេះ បានចេញសេចក្ដីថ្លែងការណ៍ ស្នើសុំរាជរដ្ឋាភិបាលកម្ពុជា ឱ្យចាត់ទុកថ្ងៃទី១០ ខែកក្កដា ដែលជាថ្ងៃនៃការស្លាប់របស់លោកបណ្ឌិត កែម ឡី នោះ កំណត់ជាទិវាសេរីភាពបញ្ចេញមតិ នៅកម្ពុជារៀងរាល់ឆ្នាំ។
សេចក្ដីថ្លែងការណ៍របស់គ.ប.ម បានឱ្យដឹងថា ការទទូចស្នើសុំនេះ មានគោលបំណងរម្លឹកគុណដល់ស្នាដៃ និងការលះបង់ក្នុងបុព្វហេតុសេរីភាពបញ្ចេញមតិរបស់លោកបណ្ឌិត កែម ឡី ដែលជាសហស្ថាបនិកគណបក្សមួយនេះ និងដើម្បីលើកស្ទួយសេរីភាពបញ្ចេញមតិជាទូទៅ ក្នុងប្រទេសកម្ពុជាផងដែរ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យលើកឡើងថា ចំពោះសំណើដាក់ឱ្យប្រារព្ធទិវាសេរីភាពបញ្ចេញមតិ នៅថ្ងៃទី១០កក្កដានេះ មិនមានអ្វីជាសារសំខាន់ធំធេង សម្រាប់សាធារណជនទូទៅនោះឡើយ ព្រោះប្រទេសកម្ពុជាមានទិវាជាតិ និងអន្តរជាតិគ្រប់គ្រាន់ហើយ ដូចជាទិវាធម្មនុញ្ញជាតិ ទិវាសិទ្ធិមនុស្សអន្តរជាតិ និងទិវាដែលទាក់ទងនឹងសិទ្ធិដទៃទៀតដែរ។
ទោះជាយ៉ាងណា លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ការសម្រេចលើសំណើខាងលើយ៉ាងណានោះ គឺសភាទើបជាអ្នកមានសមត្ថកិច្ចមានសិទ្ធិសម្រេច លើរឿងនេះ។ លោកក៏បានអំពាវនាវឱ្យគណបក្សនយោបាយទាំងឡាយ សូមកុំយកករណីការស្លាប់របស់លោកបណ្ឌិត កែម ឡី ទៅពាក់ព័ន្ធនឹងរឿងនយោបាយ ដើម្បីកេងចំណេញផលប្រយោជន៍លើបញ្ហានេះឱ្យសោះ៕