(បន្ទាយមានជ័យ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត Medical Service Corps Jeolladuk.do នៃអង្គការហាឆាន់ខាំ ចំនួន៣០នាក់ មកពីសាធារណៈរដ្ឋកូរ៉េ ចុះមកពិនិត្យ និងព្យាបាលជំងឺទូទៅដោយមិនគិតថ្លៃ ជូនប្រជាពលរដ្ឋនៅក្រុងក្រុងសិរីសោភ័ណ ចំនួន៣ថ្ងៃ គិតពីថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២៣ នៅក្នុងបរិវេណអង្គការ ហាឆាន់ខាំ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
លុះនៅថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៣ នៅក្នុងបរិវេណ
មន្ទីរពេទ្យបង្អែកសិរីសោភ័ណ ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពិនិត្យព្យាបាលចាប់ពីម៉ោង៨ព្រឹក។ ការពិនិត្យព្យាបាលនេះ រួមមាន ជំងឺបេះដូង ជំងឺក្រពះ ជំងឺភ្នែក ជំងឺមាត់ធ្មេញ ជំងឺសន្លាក់ ជំងឺរោគស្ត្រី និងចាក់ម្ជុលវិទ្យាសាស្ត្រជាដើម។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត Medical Service Corps Jeolladuk.do នៃអង្គការហាឆាន់ខាំ ដែលមានលោកចងក្យុងហូ ជាប្រធានក្រុមការងារ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចំនួន៣០នាក់ ក្នុងនោះមានវេជ្ជបណ្ឌិត ចំនួន១៥នាក់ តាមរយៈអង្គការ ហាឆាន់ខាំចុះមកសការជាមួយ ក្រុមគ្រូពេទ្យសង្អែកក្រុងសិរីសោភ័ណ។
លោក អ៊ុំ រាត្រី បានបន្តទៀតថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្កការហាឆាន់ខាំ នេះបានចុះមកពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋទូទៅនៅក្រុងសិរីសោភ័ណ ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា វណ្ណៈ ក្នុងគោលបំណងរួមចំណែកបន្ថែមក្នុងការបំប៉ន លើកកម្ពស់សុខុមាលភាព កាត់បន្ថយភាព ក្រីក្រជូនប្រជាពលរដ្ឋ។
ក្នុងនោះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានចុះមកពិនិត្យជំងឺជូនប្រជាពលរដ្ឋនៅក្នុងក្រុងសិរីសោភ័ណនេះ ដោយមិនយកកំរ៉ៃដែលជួយជាមនុស្សធម៌សុខភាពដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តបន្ទាយមានជ័យ៕